តើវិបត្តិក្រុមហ៊ុន Evergrande វិវត្តន៍ដល់ណាហើយ និងជះផលអាក្រក់ដល់សេដ្ឋកិច្ចចិនកម្រិតណា?

0

ដោយៈសុខុម

ប៉េកាំង: វិបត្តិបំណុលរបស់ Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ និងជំពាក់បំណុលច្រើនបំផុត របស់ប្រទេសចិន នៅតែជាប្រធានបទក្ដៅគគុក និងត្រូវបានអន្តរជាតិ បន្តចុះផ្សាយពាសពេញពិភពលោករហូតមកទល់ពេលនេះ ដោយសារវិបត្តិនេះបានបង្កផលប៉ះពាល់យ៉ាងធំធេង។

តើវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande វិវត្តន៍ដល់ណាហើយ ហើយជះផលអាក្រក់ដល់សេដ្ឋកិច្ចចិន និងពិភពលោកធ្ងន់ធ្ងរកម្រិតណា?។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៨ ធ្នូ ឱ្យដឹងថា ពេលនេះក្រុមហ៊ុន Evergrande កំពុងត្រៀមខ្លួនសម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងបំណុលរបស់ខ្លួនឡើងវិញ ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានការជួយជ្រោមជ្រែង ពីរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីទប់កុំឱ្យវិបត្តិក្រុមហ៊ុននេះ ជះផលប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំង។
*តើមានអ្វីកើតឡើងចំពោះក្រុមហ៊ុន Evergrande?

រដ្ឋាភិបាលចិន ជាអ្នកបង្កឱ្យមានវិបត្តិ ក្នុងឧស្សាហកម្មអចលនទ្រព្យ នៅពេលខ្លួនចាប់ផ្តើមចាត់វិធានការក្ដៅ កាលពីឆ្នាំ២០២០ ដើម្បីទប់ស្កាត់កុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខ្ចីបុលច្រើនហួសកម្រិត និងការទិញផ្ទះទុកលក់យកចំណេញ ដែលកើតមានស្ទើរតែគ្រប់កន្លែង ដែលមិនមែនជាការទិញទុកសម្រាប់រស់នៅពិតប្រាកដ។
ក្រុមហ៊ុន Evergrande ដែលបានអភិវឌ្ឍគម្រោង ក្នុងទីក្រុងចិន រហូតដល់ទៅជាង២៨០ទីក្រុង គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុត ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ ដោយសារវិធានការក្ដៅរបស់រដ្ឋាភិបាលក្រុងប៉េកាំង។

ដោយជំពាក់បំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារដុល្លារអាមេរិក ក្រុមហ៊ុននេះបានត្រដាបត្រដួសយ៉ាងខ្លាំង នៅក្នុងការសងបំណុលរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលជាច្រើនខែមកនេះ ដោយការសងបំណុលរាល់លើក សុទ្ធតែធ្វើឡើងនៅនាទីចុងក្រោយ ដែលស្ទើរតែសងមិនទាន់ពេលកំណត់។

ប៉ុន្តែយោងតាមសារព័ត៌មាន Bloomberg ឱ្យដឹងថា ពេលនេះក្រុមហ៊ុននេះ បានខកខានរយៈពេលអនុគ្រោះ ឬ Grace Period (ធនាគារផ្ដល់ជូនអតិថិជន នៅពេលអតិថិជនប្រឈមមុខ នឹងការលំបាកផ្នែកហិរញ្ញវត្ថុរយៈពេលខ្លី) ៣០ថ្ងៃលើការទូទាត់សងថ្លៃគូប៉ុង ហួសពេលកំណត់ដែលមានតម្លៃប្រមាណ៨២,៥លានដុល្លារអាមេរិក ខណៈទីភ្នាក់ងារវាយតម្លៃ និងដា​ក់កម្រិតគុណភាពឥណទានអាមេរិក S&P Global Ratings ជឿថា ការខកខាន ក្នុងការសំណងបំណុលរបស់ក្រុមហ៊ុននេះ ទំនងជា “ជៀសមិនផុត” ឡើយ។

*តើមានអ្វីកើតឡើងនៅពេលនេះ?
បន្ទាប់ពីក្រុមហ៊ុន Evergrande ដែលមានទីស្នាក់ការកណ្ដាលនៅខេត្តគ័ងតុង (Guangdong) បានប្រកាសឱ្យដឹងជាមុន កាលពីសប្តាហ៍មុនថា ខ្លួនប្រហែលជាមិនអាចបំពេញ កាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនបាននោះ រដ្ឋាភិបាលថ្នាក់តំបន់ក្នុងខេត្តខាងលើនេះ បានកោះហៅប្រធានក្រុមហ៊ុននេះគឺមហាសេដ្ឋី Hui Ka Yan ហើយបានប្រាប់ថា អាជ្ញាធរថ្នាក់ខេត្តនឹងបញ្ជូន “ក្រុមការងារ” ឱ្យចុះទៅដល់ក្រុមហ៊ុននេះដោយផ្ទាល់។

ក្រុមអ្នកវិភាគលើកឡើងថា ពេលនេះជាសញ្ញាបង្ហាញ ពីការចាប់ផ្តើមជាផ្លូវការ នូវការរៀបចំបំណុលរបស់ក្រុមហ៊ុននេះឡើងវិញ ជាដំណើរការមួយដែលទំនងជាត្រូវចំណាយពេលរាប់ឆ្នាំ។

*តើវាមានន័យបែបណាសម្រាប់បណ្ដាវិនិយោគិន?
សញ្ញាដែលបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងដើរតួនាទីកាន់តែធំ នៅក្នុងការសម្រេចអនាគតរបស់ក្រុមហ៊ុន Evergrande បានធ្វើឱ្យបណ្ដាវិនិយោគិន មិនសូវមានការព្រួយបារម្ភខ្លាំងដូចមុន ដែលធ្លាប់គិតថាក្រុមហ៊ុននេះនឹងដួលរលំ។

លោក Shehzad Qazi នាយកគ្រប់គ្រងក្រុមហ៊ុនវិភាគទិន្នន័យ China Beige Book បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “វាច្បាស់ណាស់ថា រដ្ឋកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងការគ្រប់គ្រងស្ថានការណ៍នេះ”។ លោកបានបន្ថែមថា នៅទីបំផុត វិបត្តិក្រុមហ៊ុននេះ នឹងអាចដោះស្រាយបាន”។

ប៉ុន្តែម្ចាស់សញ្ញាប័ណ្ណ ឬ ម្ចាស់បំណុល ទំនងជាប្រឈមមុខនឹងការខាតបង់ច្រើន បើទោះបីជាការរៀបចំរចនាសម្ព័ន្ធ និងបំណុលឡើងវិញជួយសម្រាលស្ថានការណ៍បានខ្លះក្ដី ក៏ផលប៉ះពាល់ខ្លាំង ដែលបង្កឡើងដោយការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំង លើទីផ្សារអចលនទ្រព្យដែលកំពុងតែហើមនៅតែមាននៅឡើយ។

*ចុះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ផ្សេងៗទៀតមានស្ថានភាពបែបណានៅពេលនេះ?
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន យ៉ាងតិច១០បានខកខានក្នុងការសងបំណុល ថ្លៃសញ្ញាប័ណ្ណឱ្យទាន់ពេលវេលាកំណត់ ចាប់តាំងពីការព្រួយបារម្ភចាប់ផ្ដើមកើនឡើងកាន់តែខ្លាំង ជុំវិញវិបត្តិក្រុមហ៊ុន Evergrande កាលពីខែមិថុនា។

ក្រុមហ៊ុនអចលនទ្រព្យ Sunshine 100 ដែលចុះបញ្ជីនៅក្រុងហុងកុង បានខកពេលវេលាកំណត់ នៅក្នុងការសងបំណុលចំនួន ១៧៩លានដុល្លារអាមេរិក នៅសប្ដាហ៍នេះ ហើយក្រុមហ៊ុនអចលនទ្រព្យ Kaisa ក៏បានខកខានដូចគ្នាដែរ។

សារព័ត៌មាន Bloombergបានទម្លាយឱ្យដឹងថា បណ្ដាក្រុមហ៊ុនអចលនទ្រព្យ មានចំណែកជំពាក់៣៦% នៃបំណុលសញ្ញាប័ណ្ណនៅបរទេ​សចំនួន១០,២ពាន់លានដុល្លារអាមេរិក ដែលបណ្ដាក្រុមហ៊ុនចិន ជាអ្នកខ្ចីបុលបានខកខាន ក្នុងការទូទាត់សង ឱ្យទាន់តាមពេលវេលាកំណត់នៅឆ្នាំនេះ។

*តើសេដ្ឋកិច្ចចិន នឹងទទួលរងផលប៉ះពាល់ ពីវិបត្តិក្រុមហ៊ុននេះធ្ងន់​ធ្ងរកម្រិតណា?
ធនាគារប្រជាជនចិន (People’s Bank of China) ដែលជាធនាគារកណ្ដាលរបស់ប្រទេសចិន បានលើកឡើងកាលពីសប្តាហ៍មុនថា បញ្ហារបស់ក្រុមហ៊ុន Evergrande កើតចេញពី “ការគ្រប់គ្រងមិនបានល្អ និងការពង្រីកអាជីវកម្មទាំងងងឹតងងុល”។ ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា ដើម្បីធ្វើឱ្យបណ្ដាវិនិយោគិនស្ងប់ចិត្ត។

ក្រុមនិយ័តករអចលនទ្រព្យចិន បានប្រកាសថា ពួកគេនឹងការពារសិទ្ធិរបស់អ្នកទិញផ្ទះ។ ចំណែកឯអាជ្ញាធរធនាគារ និងធានារ៉ាប់រងចិន បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវ “ផ្តោតលើការបំពេញតម្រូវការ ឥណទានគេ​ហ ដ្ឋានសម្រាប់អ្នកទិញផ្ទះដំបូង”។

ដោយរដ្ឋបាលថ្នាក់តំបន់ បញ្ជូនក្រុមការងារឱ្យចុះទៅពិនិត្យមើលដល់ក្រុមហ៊ុន Evergrande ដោយផ្ទាល់ វិបត្តិក្រុមហ៊ុននេះ បានទាក់ទាញឱ្យ រដ្ឋាភិបាលក្រុងប៉េកាំង ធ្វើអន្តរាគមន៍ស្រដៀគ្នា នៅក្នុងក្រុមហ៊ុនដែលជំពាក់បំណុលរុំកោះផ្សេងៗទៀត ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ HNA Group។

ការរៀបចំរចនាសម្ព័ន្ធ និងបំណុលឡើងវិញរបស់ក្រុមហ៊ុន HNA Group មិនបានបង្កការភ័យស្លន់ស្លោ ដល់វិនិយោគិនដូចវិបត្តិក្រុមហ៊ុន Evergrande នោះទេ។

ប៉ុន្តែអ្វីៗដែលកើតឡើងចំពោះក្រុមហ៊ុន Evergrande ការបង្ក្រាបទ្រង់ទ្រាយកាន់តែធំ របស់រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កផលប៉ះពាល់ធ្ងន់​ធ្ងរដល់វិស័យអចលនទ្រព្យរួចទៅហើយ ហើយបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធំៗ ដែលជាហេតុធ្វើឱ្យការលក់ផ្ទះ និងតម្លៃផ្ទះធ្លាក់ចុះ។

*ចុះសេដ្ឋកិច្ចពិភពលោកទទួលរងផលប៉ះពាល់ពីវិបត្តិក្រុមហ៊ុន Evergrande កម្រិតណា?
ការធ្លាក់ចុះវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលមានចំណែកគ្របដណ្ដប់មួយភាគធំ នៃទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសនេះ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក។

វិបត្តិរបស់ក្រុមហ៊ុន Evergrande បានធ្វើឱ្យទីផ្សារភាគហ៊ុនទូទាំងពិភពលោក ទទួលរងភាពរង្គោះរង្គើ ហើយវិស័យអចលនទ្រព្យ មានចំណែកគ្របដណ្ដប់មួយភាគធំ នៃបំណុលគិតជាដុល្លារនៅទូទាំងពិភពលោក៕ AFP ៕

LEAVE A REPLY

Please enter your comment!
Please enter your name here