ដោយៈគង់ សូរិយា
ភ្នំពេញៈ តំបន់ព្រែកទឹកសាប ដែលមានសក្តានុពលទេសចរណ៍ព្រៃកោងកាង នៅតំបន់ព្រែកទឹកសាប ស្ថិតនៅភូមិសាស្រ្ត ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ នៅខេត្តជាប់តំបន់ឆ្នេរនេះ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពព្រែកទឹកសាប កាលពីចុងសប្តាហ៍មុន លោកគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាមូលដ្ឋានត្រូវបំផុសប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ និងការពារបរិស្ថាន នៅតាមដងព្រែកទឹកសាប និងត្រូវដាំដើមកោងកាងបន្ថែមនៅតាមតំបន់ព្រៃរិចរិល ព្រោះព្រៃកោងកាងជាជម្រកបក្សាបក្សី និងជាមន្ទីរសម្ភពរបស់មច្ឆាជាតិ ហើយប្រជាសហគមន៍ អាចចេញទៅនេសាទយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ និងបម្រើដល់វិស័យទេសចរណ៍ក្នុងសហគមន៍ផងដែរ។
លោកបន្តថា តំបន់ព្រែកទឹកសាបនេះ នឹងក្លាយជាតំបន់អេកូទេសចរណ៍មួយ ដ៏ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសនាពេលខាងមុខ។
នៅតាមបណ្តោយព្រែកទឹកសាបនេះ មានរុក្ខជាតិដុះចម្រុះជាច្រើនមានដូចជា ដើមកោងកាង ដើមក្រញឹប ដើមស្មាច់ ដើមចាក និងរុក្ខជាតិព្រៃលិចទឹកចម្រុះ ជាច្រើនប្រភេទផ្សេងទៀត ទន្ទឹមនោះក៏មានមច្ឆាជាតិ និងសត្វស្លាបជាច្រើនប្រភេទ ជាពិសេសត្រីផ្សោតសមុទ្រ ដែលជាសក្តានុពលដ៏សម្បូរបែប អាចទាក់ទាញភ្ញៀវទេសចរណ៍ ជិះទូកលេងកម្សាន្តទស្សនាព្រៃកោងកាង មច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទនៅតាមព្រែកនេះផងដែរ៕