ការព្យាករ: វៀតណាមនឹងទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើននៅឆ្នាំ២០២២នេះ

0

ដោយៈសុខុម

ហាណូយ: ចំនួនជនបរទេស ដែលឆែករកមើលព័ត៌មានស្ដីពីវិស័យទេសចរណ៍របស់វៀតណាម កំពុងកើនឡើង ហើយអ្នកជំនាញមើលឃើញថា នេះជាសញ្ញាវិជ្ជមានគួរឱ្យសាទរ សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ កុម្ភៈ ឱ្យដឹងថា ទិន្នន័យវិភាគបានពី Google Destination Insights បង្ហាញថា ការឆែករកមើលព័ត៌មានស្ដីពី វិស័យទេសចរណ៍របស់វៀតណាម បានចាប់ផ្តើមកើនឡើងចាប់ពីដើមខែធ្នូ ហើយបានកើនឡើងយ៉ាងគំហុកនៅចុងខែដដែល និងនៅដើមខែមករា ឆ្នាំ២០២២។

ចាប់ពីដើមខែមុនមក ចំនួនជនបរទេសឆែករកមើលព័ត៌មានស្ដីពីអាកាសចរណ៍របស់វៀតណាម នៅតែមានកម្រិតខ្ពស់។ ចំនួននេះបង្ហាញពីការកើនឡើង៤២៥% កាលពីថ្ងៃទី២១ មករា និងកើនឡើង៣៧៤%កាលពីថ្ងៃទី៣ កុម្ភៈ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ចំនួនជនបរទេស ដែលឆែករកមើលព័ត៌មានស្ដីពី កន្លែងស្នាក់នៅ ក៏ចាប់ផ្តើមកើនឡើងចាប់ពីដើមខែធ្នូផងដែរ។

ទោះជាយ៉ាងណាប្រទេសនេះ កំពុងតែជួបភាពវឹកវរ ដែលបណ្តាលមកពីការឆ្លងមេរោគកូវីដថ្មី ប្រភេទអូមីក្រុងរាប់ម៉ឺននាក់់ជារៀងរាល់ថ្ងៃ។

ជនបរទេសដែលឆែករកមើលព័ត៌មានអំពី វិស័យទេសចរណ៍ក្នុងប្រទេសវៀតណាម ច្រើនបំផុតមកពីប្រទេស ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី បារាំង អាល្លឺម៉ង់ ជប៉ុន សិង្ហបុរី ឥណ្ឌា អង់គ្លេស និងកាណាដា។

គោលដៅទេសចរណ៍ ដ៏ពេញនិយមទាំង១០ ក្នុងប្រទេសវៀតណាម ដែលទាក់ទាញ ចំណាប់អារម្មណ៍ជនបរទេសច្រើនជាងគេមាន ដូចជា ក្រុងហាណូយ ក្រុងហូជីមិញ ក្រុងឆ្នេរ Nha Trang កោះត្រល់ Phan Thiết, Đà Nẵng, Hội An, Đà Lạt, Quy Nhơn និង Bà Rịa-Vũng Tàu។

អ្នកជំនាញសន្និដ្ឋានថា កំណើននេះ ទទួលបានដោយសារប្រទេសវៀតណាម បានដាក់ចេញកម្មវិធីលិខិតឆ្លងដែន វ៉ាក់សាំងសាកល្បងមួយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេស ឱ្យត្រលប់មកកាន់ប្រទេសនេះវិញ។

ប្រទេសនេះ គ្រោងនឹងបើកទេសចរណ៍អន្តរជាតិឡើងវិញ ពេញលេញ បន្ទាប់ពីខែមីនា ឆ្នាំ២០២២ នៅពេលប្រទេសនេះ បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញប្រឆាំងនឹងវីរុសកូវីដ-១៩ ពោលគឺប្រមាណ២ឆ្នាំក្រោយពីប្រទេសវៀតណាម បានបិទព្រំដែនរបស់ខ្លួនឈប់ ឱ្យភ្ញៀវទេសចរបរទេសចេញចូល៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here