ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញអំពីជម្រើសគោលដៅមួយចំនួន ខណៈមូលដ្ឋានគោលដៅទេសចរណ៍តាមខេត្តសំខាន់ៗ ក៏បានអះអាងពីការរៀបចំត្រៀមចាំ ទទួលភ្ញៀវទេសចរផងដែរ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសានស៍ឲ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលម៉ិញនេះថា យោងតាមអ្វីដែលក្រសួងទេសចរណ៍ បានសង្កេតឃើញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក គឺមានការរំពឹងទុកថា នឹងភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈមកទល់ពេលនេះ នៅគោលដៅធំមានការកក់សណ្ឋាគារ ផ្ទះសំណាក់ ច្រើនណាស់ដែរហើយ ដូចជា សៀមរាប មណ្ឌលគិរី ខេត្តជាប់តំបន់ឆ្នេរជាដើម។
លោកបន្តថា “ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការសន្សំសំចៃដែរ ដើម្បីទុកថវិកាចាយវាយនៅពេលចូលឆ្នាំ…..មិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ”។
លោកថោង ខុន បានបន្តលើកឡើងអំពីគោលដៅពិសេសៗ មួយចំនួនដូចជានៅសៀមរាបអង្គរ អាជ្ញាធរជាតិអប្សរា បានខិតខំកែលម្អសោភ័ណភាពបានច្រើន ការដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ ក៏ពោរពេញដោយធាតុអាកាសត្រជាក់ស្រួល ខណៈដែលនៅក្រុងសៀមរាប សម្ដេចតេជោ ហ៊ុន សែន ក៏ទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវទាំង៣៨ខ្សែរួចរាល់ហើយដែរ។
នៅក្រុងព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍មួយធំដែរ ដោយសារភ្ញៀវទេសចរ ចង់ទៅមើលការអភិវឌ្ឍទីក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ បណ្ដាកោះក៏មានភាពទាក់ទាញច្រើន។ នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរីក៏កក់បានច្រើនដែរ។ ក្រៅពីនោះ នៅខេត្តបាត់ដំបង ដែលមានតំបន់កសិទេសចរណ៍ ក៏មានការរៀបចំបានល្អៗដែរ។
នៅមានការកើតឡើងនូវគោលដៅ ទេសចរណ៍ថ្មីៗច្រើន ដូចជាអេកូទេសចរណ៍នៅខាងស្រុកវាលវែង ខេត្តពោធិ៍សាត់ និយាយរួម ស្ទើរតែគ្រប់ខេត្តទាំងអស់ គឺបានរៀបចំឱ្យមានតំបន់កសិទេសចរណ៍ សហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ច្នៃប្រឌិតថ្មីៗជាច្រើន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីបានរំឭកអំពីគោលការណ៍ថ្មី នៃការធ្វើដំណើរកម្សាន្ត ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចុះថ្មីៗនេះ គឺត្រូវប្រកាន់ខ្ជាប់នូវការងារបីចំណុច ទី១ ត្រូវអនុវត្តនូវវិធានការណ៍ «៣-ការពារ ៣-កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាត សម្អាតនឹងទឹកអាកុលឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកកាតវ៉ាក់សាំងដាក់តាមខ្លួន រាល់ពេលចេញដើរកម្សាន្ត ព្រោះមានកន្លែងខ្លះ តម្រូវឱ្យភ្ញៀវបង្ហាញកាតចាក់វ៉ាក់សាំង ម្យ៉ាងទៀតក្រសួងសុខាភិបាល ក៏មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលចាក់វ៉ាក់សាំងនៅកន្លែងកម្សាន្តនោះតែម្ដង ប្រសិនបើដល់វេនចាក់ដូសទី៣ (ដូសជំរុញ)។
ទី២ ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ ក្នុងការបើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យទៅដល់គោលដៅ និងត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។ទី៣ ត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យ ជាប់ជានិច្ច ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)។
ជាមួយគ្នានេះ លោកស្រីឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានថ្លែងឲ្យដឹងផងដែរថា ដោយពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ហើយនោះ ប្រជាពលរដ្ឋក៏បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗហើយ ដែរនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជានៅខេត្តជាប់តំបន់ឆ្នេរ ក៏មានការកក់សឹងតែពេញទៅហើយ នៅខាងប៉ែកភាគឦសាន ក៏មានការកក់ច្រើន រីឯនៅខាងខេត្តសៀមរាបក៏កក់ច្រើនដែរ។
ប្រធានសមាគមរូបនេះបានផ្ដល់ជាមតិយោបល់ថា សម្រាប់ភ្ញៀវទេសចរ គួរតែជ្រើសរើសកន្លែងកម្សាន្តដែលធំទូលាយ ដូចជាតាមបណ្ដាខេត្តធំៗដែលសម្បូរសេវាកម្មច្រើន។៉
បើតាមលោកស្រី ឆាយ ស៉ីវលីន ខេត្តសៀមរាបនៅតែជាប៉ូលទេសចរណ៍មួយដ៏សំខាន់ ក្នុងការទទួលភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈបច្ចុប្បន្នពោរពេញដោយភាពស្អាត និងទាក់ទាញ សម្បទាទេសចរណ៍ក៏មានច្រើន រីឯការផ្គត់ផ្គង់សេវាកម្មនោះក៏ច្រើនដែរ។
នៅខេត្តសៀមរាប សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខឆាប់ៗនេះ នឹងមានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តសៀមរាប នៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេងនៅតាមដងស្ទឹងសៀមរាប ល្បែងល្បាំប្រជាប្រិយ ការតាំងពិព័រណ៍ ពិធីកម្សាន្តតាមបែបសាសនានៅប្រាសាទចៅសាយទេវតាជាដើម។ នេះបើតាម លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា មិនត្រឹមតែនៅក្នុងខេត្តប៉ុណ្ណោះទេ នៅតាមបណ្ដាស្រុកផ្សេងទៀត ក៏រៀបចំកម្មវិធីកម្សាន្តច្រើន។ ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្ត នៅតាមគោលដៅប្រមាណ១៧គោលដៅទៀត ដូចជានៅសហគមន៍អេកូទេសចរណ៍ ចង្ក្រានរយ ស្រុកវ៉ារិន នៅតំបន់ភ្នំគូលែន ក៏មានសហគមន៍ថ្មីៗ២-៣ទៀតដែរ។ ជាមួយគ្នានោះ តំបន់ទន្លេសាបក៏មានភាពទាក់ទាញ ដូចជា នៅសហគមន៍ចុងឃ្នាសក៏មានការរៀបចំ ឱ្យមានសកម្មភាពទេសចរណ៍ទាក់ទាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានទទួលយកមកគ្រប់គ្រងវិញ។
លោកស្រីឆាយ ស៉ីវលីន ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរ ក៏អាចទៅទស្សនាកម្សាន្ត នៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជា នៅខេត្តកោះកុង ដែលជាតំបន់សម្បូរទៅដោយអេកូទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ ដែលចង់ផ្សារភ្ជាប់ជាមួយធម្មជាតិ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលសម្បូរទៅតំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នៅតាមដងទន្លេ ក៏ដូចជាខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។
ក្រៅពីនេះ ខេត្តបាត់ដំបងក៏ជាជម្រើសល្អៗ សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់បេតិកភណ្ឌប្រវត្តិសាស្ត ម្ហូបអាហារឆ្ងាញ់ៗជាដើម។
បន្ទាប់ការបើកប្រទេសឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនោះ បានជំរុញឱ្យចលនាទេសចរផ្ទៃក្នុង ចេះតែមានការរីកចម្រើនកើនឡើង ខណៈប្រជាជនកម្ពុជា ក៏មានការចេញដើរកម្សាន្តច្រើន ទៅគ្រប់ទីកន្លែងនៃគោលដៅទេសចរណ៍ក្នុងប្រទេស ដូចជា គោលដៅអេកូទេសចរណ៍ សៀមរាប-អង្គរ តំបន់ឆ្នេរជាដើម។
លោកថោង ខុន បានលើកឡើងបន្ថែមថា ការជំរុញឱ្យភ្ញៀវទេសចរចេញដើរកម្សាន្តច្រើនបែបនេះ ក៏ដោយសារមានហេដ្ឋរចនាសម្ពន្ធល្អ និងក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស។ ទោះជាយ៉ាងណា ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវសារាចរណែនាំ ដល់មន្ទីរទេសចរណ៍ទូទាំងប្រទេស និងមូលដ្ឋានអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តផងដែរ៕