កំពតត្រូវបានគេចាត់ទុកជាខេត្តគោលដៅទេសចរណ៍ល្អឯកនិងពេញ និយមបំផុតនៅកម្ពុជា

0

ដោយ: ម៉ាលីស

ភ្នំពេញ: កំពតបានក្លាយជា ខេត្តគោលដៅទេសចរណ៍មួយ នៅក្នុង ប្រទេស កម្ពុជា ហើយខេត្ត នេះតែងតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ ក្នុងចំណោមខេត្តជាច្រើនទៀត ដែលធ្វើឱ្យខេត្តនេះត្រូវបានចាត់ទុក ជាខេត្តគោលដៅទេសចរណ៍ល្អឯក និងពេញនិយមបំផុតនៅកម្ពុជា។

យោងតាមសៀវភៅ”ប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍក្រុងបូគោចក្ខុវិស័យឆ្នាំ២០៣៥” របស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់បានអោយដឹងថា ខេត្តកំពតស្ថិតនៅក្នុងទិសនិរតី ក្នុងតំបន់ឆ្នេរសមុទ្រនៃកម្ពុជាដែលមានរមណីយដ្ឋាន ជាច្រើនជាពិសេសរមណីឋានសួគ៍បូគោនិង ជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។

ខេត្តនេះ ជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិ និងល្អឯកពេញនិយមបំផុតនៅកម្ពុជា ជាខេត្តមានព្រំប្រទល់ជាប់នឹងសមុទ្រខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ តាកែវ ខេត្តកែប និងប្រទេសវៀតណាម។

សក្ដានុពលធនធានធម្មជាតិជាច្រើន ដូចជា ព្រៃភ្នំ សត្វព្រៃទឹកធ្លាក់ កោះ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម ព្រៃកោងកាងឆ្នេរខ្សាច់ ស្រែអំបិល រ៉ែថ្មកំបោរ ដីកសិកម្ម និងមានសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនមានដូចជា សំណង់បេតិកភណ្ឌក្រុងកំពត រមណីយដ្ឋានទេសចរណ៍ធម្មជាតិឋានសួគ៌បូកគោ ល្អាងភ្នំកំពង់ត្រាច ព្រែកត្នោត ភ្នំសេដាអោន ទឹកឈូ ប្រាសាទភ្នំឈ្ងោក សួនសត្វទឹកឈូ ទឹកធ្លាក់បីថ្នាក់ ទំនប់ប្រទាក់ក្រឡា ទំនប់ម្លិច និងរមណីយដ្ឋានភ្នំដូង សហគមន៍ទេសចរណ៍ព្រែកត្នោត ត្រពាំងសង្កែ កែបថ្មី សហគមន៍ទេសចរណ៍លក និងតំបន់កម្សាន្តឆ្នេរសមុទ្រព្រែកអំពិល-ល-។

សក្កានុពលទេសចរណ៍ទាំងអស់នេះ បានធ្វើឲ្យខេត្តកំពត និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ដូចជា វិស័យសំណង់ កសិកម្ម ឧស្សាហកម្ម សិប្បកម្មរ៉ែថាមពលសេដ្ឋកិច្ច ទេសចរណ៍សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ជាពិសេគឺសក្តានុពលនៃរមណីយដ្ឋាន ប្រវត្តិសាស្ត្រភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាទីតាំងអតីតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ ១៩២៥ ដល់១៩៦២ ដែលមានសក្ដានុពលនិង មានអាកាសធាតុត្រជាក់ល្អបរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃកម្ពុជា និងជាគោលដៅទេសចរណ៍ដ៏ប្រណីតកម្រិតខ្ពស់។

ក្រុងបូគោមានហេដ្ឋារចនាសម្ព័ន្ធ ជាទីក្រុងរដ្ឋបាលដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ដូចជាអគាររដ្ឋបាលព្រះរាជដំណាក់ លំនៅដ្ឋាន អគារសេវាកម្ម សាលាក្រុង ប្រៃណីយ៍ អគារសូរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិ៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គិសនី ទំនប់ទឹកបារាំង-ល-។

ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តកំពតត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក និងកម្សាន្ត ហើយរំពឹងថាខេត្តនេះ ទទួលបានភ្ញៀវទេសចរច្រើននិងមានចំណាត់ថ្នាក់ល្អ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here