ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលកំណើនទេសចរណ៍ក្នុងស្រុក បានចេញដើរកំសាន្តភ្លូកទឹក ភ្លូកដី នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីចុងសប្តាហ៍មុននេះ អ្នកជំនាញទេសចរណ៍ បានសម្តែងសុទិដ្ឋិនិយមពីកំនើនភ្ញៀវទេសចរណ៍អន្តរជាតិ នឹងមកទស្សនាកម្ពុជាច្រើននៅរដូវ High Season នាពេលខាងមុខនេះ។

-->
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌី បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៨ មេសាថា សម្រាប់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ចរន្តភ្ញៀវទេសចរណ៍អន្តរជាតិបានកើនឡើងនៅកម្ពុជា ស្របពេលលំហូរភ្ញៀវទេសចរណ៍ ចេញដើរកំសាន្តច្រើន នៅអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបបញ្ចប់កាលពីសប្តាហ៍មុន។
លោកបន្តថា “”ទោះជាយ៉ាងណា ចំនួនភ្ញៀវទេសចរណ៍៍ភាគច្រើន ជាភ្ញៀវក្នុងតំបន់ ប៉ុន្តែនៅពេលរដូវសម្បូរភ្ញៀវ (High Season)ខាងមុខ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេចរណ៍៍ពីអឺរ៉ុប និងអាមេរិកច្រើន ដោយសារមានការកក់សំបុត្រយន្តហោះច្រើនបណ្តើរៗហើ់យ”។ លោកបន្តថា “ប្រសិនជាមិនមានសោកនាដកម្មណាមួយ ពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិនឹងកើនឡើងច្រើននៅកម្ពុជា”។
លោកហូ វណ្ឌី បានបន្តថា បើពិនិត្យស្ថានភាពបច្ចុប្បន្ននេះវិញ ចំនួនភ្ញៀវអន្តរជាតិ មិនមានកំនើនច្រើនគួរឲ្យកត់សំគាល់នោះទេ ដោយចំនួនអាកាសចរណ៍នានានៅតែដំណើរការ និងមិនទាន់មានការភ្ជាប់ជើងហោះហើរបន្ថែមនៅឡើយ។
ជាមួយគ្នានេះ លោកធួន ស៊ីណាន ប្រធានសមាគមទេសចរនណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានសម្តែងសុទិដ្ឋិនិយមផងដែរថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា គឺមានសញ្ញាបូកបណ្តើរៗហើយ ប៉ុន្តែចំនួនភ្ញៀវអន្តរជាតិ មិនបានកើ់នឡើងខ្ពស់ច្រើនពេកនោះទេ គ្រាន់តែអ្វីៗចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន។
លោកបន្តថា “នៅប៉ុន្មានខែខាងមុខ យើងរំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិច្រើន ដោយសារមានការកក់សំបុត្រយន្តហោះ កាន់តែច្រើនហើយ ពីបណ្តាភ្ញៀវមកពីអាមេរិក និងតំបន់អឺរ៉ុប”។លោកបន្តថា “វាត្រូវការពេលវេលាបន្ថែមទៀតពីភ្ញៀវទេសចរណ៍ចិន ដោយសារគោលនយោបាយហ្សេរ៉ូកូវីដពីរដ្ឋាភិបាលចិន ខណៈប្រទេសក្នុុងតំបន់មួយចំនួន នៅតែបន្តរឹតបន្តឹងការធ្វើដំណើរផងដែរ”៕