គម្រោងវិនិយោគតម្លៃសរុប២,៤៦ពាន់លានដុល្លារអាមេរិកត្រូវបានអនុម័ត ក្នុងរយៈពេល៤ខែ

ចែករំលែក

ដោយ៖ លាងហួរ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃអង្គារ ទី០៣ ខែឧសភាបានឱ្យដឹងថា កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៥២គម្រោង ដែលមានតម្លៃ២,៤៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២២នេះ។

គម្រោងដែលត្រូវបានអនុម័តរួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រដំឡើងរថយន្ត រោងចក្រអេឡិចត្រូនិច និង រោងចក្រកែច្នៃនិងការវេចខ្ចប់ផ្លែឈើ និងគម្រោងផ្សេងៗទៀត។

របាយការណ៍ដដែលបានបញ្ជាក់ឱ្យដឹងថា គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងបង្កើតនូវការងារថ្មីបានប្រមាណ៤៧.៧០០កន្លែង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន គឺជាគន្លឹះក្នុងការទាក់ទាញការវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា។

លោកឧកញ៉ាបានឱ្យដឹងទៀតថា ទោះក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ កម្ពុជានៅតែបានទាក់ទាញទុនវិនិយោគយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសកម្ពុជា គឺជាគោលដៅសក្តានុពលសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស ជាពិសេសសម្រាប់អ្នកវិនិយោគចិន។

លោកឧកញ៉ាបានបន្តថា “ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងដ៏ជោគជ័យរបស់រដ្ឋាភិបាល កម្ពុជាបានបន្តសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ និងបើកព្រំដែនឡើងវិញ សម្រាប់អ្នកធ្វើដំណើរ ដែលចាក់វ៉ាក់សាំងពេញលេញ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន”។

លោកឧកញ៉ាបានមានប្រសាសន៍ថា “ជាមួយនឹងការបើកដំណើរការពេញលេញឡើងវិញ ខ្ញុំជឿជាក់ថាលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជានឹងបន្តកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ”៕


ចែករំលែក