អ្នកជំនាញកម្ពុជា-ថៃមានសុទិដ្ឋិនិយមលើកំណើនទេសចរណ៍ពីការបើកព្រំដែនឡើងវិញរវាងប្រទេសទាំងពីរ

0

ដោយ៖ សុផារី

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលថៃអនុញ្ញាតឱ្យបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នោះមក សមាគម-ក្រុមហ៊ុនឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា ថៃ ក៏ដូចជាវៀតណាម បានសហការរៀបចំផែនការជំរុញចរន្តភ្ញៀវទេសចរឡើងវិញ ប៉ុន្តែបែបបទនៅតាមព្រំដែនខាងភាគីថៃហាក់មិនទាន់រលូននៅឡើយ។

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដឹកនាំដោយលោក ធួន ស៊ីណាន ប្រធានសមាគម បានធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ទៅកាន់ខេត្តត្រាត ប្រទេសថៃ និងបន្តទៅដល់ទីក្រុងបាងកក ដើម្បីចូលរួមក្នុងកិច្ចប្រជុំផ្លាស់ប្ដូរទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាម ចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២២។

សមាគមបានសិក្សាឈ្វេងយល់អំពីការធ្វើដំណើរ ក៏ដូចជាការបំពេញបែបបទឯកសារនៅតាមច្រកព្រំដែនទាំងខាងភាគីកម្ពុជា និងខាងភាគីថៃ ខណៈប្រតិភូក្រុមហ៊ុននៅកម្ពុជាមួយចំនួនទៀតក៏បានធ្វើដំណើរតាមផ្លូវអាកាសពីភ្នំពេញទៅកាន់បាងកកផងដែរ។

លោក ធួន ស៊ីណាន បានថ្លែងនៅថ្ងៃទី៤ ខែមេសាឱ្យដឹងថា ការបើកច្រកព្រំដែនរវាងភាគីកម្ពុជា និងភាគីថៃនេះ គឺពិតជាល្អមែនទែនសម្រាប់វិស័យទេសចរណ៍ ដឹកជញ្ជូន ពាណិជ្ជកម្ម ក៏ដូចជាវិស័យផ្សេងទៀត ដែលជាចំណុចពិសេសសម្រាប់ការបន្តកិច្ចអភិវឌ្ឍសេដ្ចកិច្ចរវាងប្រទេសទាំងពីរ។

លោកបានបន្តថា តាមទិដ្ឋភាពជាក់ស្ដែងនៅពេលក្រុមការងារសមាគម PATA បានឆ្លងកាត់ច្រកព្រំដែនចាំយាម-ខ្លងយ៉ៃ កាលពីថ្ងៃទី៣ ខែឧសភាម្សិលមិញ ឃើញថាខាងភាគីកម្ពុជាគឺពិតជាមានការអនុវត្តកិច្ចការបំពេញបែបបទឯកសារបានយ៉ាងល្អតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងមន្ត្រីអន្តោប្រវេសន៍ មន្ត្រីច្រកព្រំដែន ក៏ដូចជាមន្ត្រីគយជាដើម។

លោកថា ចរន្តភ្ញៀវទេសចរតាមផ្លូវគោកនឹងកាន់តែមានច្រើនថែមទៀត ប្រសិនបើខាងភាគីថៃបន្ធូរបន្ថយលក្ខខណ្ឌ ឬបែបបទឯកសារមួយចំនួនបន្ថែមទៀត ដោយសារនៅថ្ងៃម្សិលមិញ ពេលដែលលោកឆ្លងកាត់ព្រំដែន ការតម្រូវលក្ខខណ្ឌពីខាងភាគីថៃគឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដូចជាលក្ខខណ្ឌនៃការបើកបររថយន្តផ្ទាល់ខ្លួនចូលទៅប្រទេសថៃ និងបញ្ហាដែលភាគីថៃស្នើឱ្យខាងភាគីកម្ពុជាធ្វើតេស្តរហ័សលើភ្ញៀវ និងអ្នកដំណើរជាដើម។

អ្នកស្រី វីយ៉ាដា ស្រុង (Viyada Srong) អនុប្រធានសភាទេសចរណ៍ខេត្តត្រាត បានបង្ហាញចំណាប់អារម្មណ៍រីករាយចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃនេះ។ អ្នកស្រីមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍រវាងកម្ពុជានិងថៃ ពិសេសរវាងកម្ពុជានិងខេត្តត្រាតនឹងងើបឡើងវិញ បន្ទាប់ពីការបើកច្រកព្រំដែនកម្ពុជា-ថៃនេះ ខណៈវិស័យទេសចរណ៍នៅខេត្តត្រាតក៏បានត្រៀមខ្លួនជាបណ្ដើរៗបានច្រើនហើយដែរ។

អនុប្រធានសភាទេសចរណ៍ខេត្តត្រាតរូបនេះបានបញ្ជាក់ទៀតថា តាមច្រកព្រំដែនចាំយាម-ខ្លងយ៉ៃនៅទាន់មានចរន្តភ្ញៀវទេសចរចេញចូលច្រើននៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាការកក់សណ្ឋាគារ រីស៊ត គឺចាប់ផ្ដើមមានខ្លះៗហើយ។

យ៉ាងណាមិញ លោក ធួន ស៊ីណាន ក្នុងនាមតំណាងភាគីកម្ពុជា និងលោកស្រី វីយ៉ាដា ក្នុងនាមតំណាងភាគីថៃ ព្រមទាំងលោក ង្វៀន ហុងហ៊ីវ (Nguyen Hong Hieu) តំណាងភាគីវៀតណាម នឹងចូលរួមដឹកនាំក្នុងកិច្ចប្រជុំផ្លាស់ប្ដូរផ្គូរផ្គងដៃគូក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ និងផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាម នាទីក្រុងបាងកក រយៈពេល២ថ្ងៃបន្តទៀត ដើម្បីពិគ្រោះពិភាក្សាលម្អិតអំពីដំណើរការជំរុញចរន្តភ្ញៀវទេសចរទៅមកជាលក្ខណៈទ្វេភាគី ឬត្រីភាគី នាពេលខាងមុខឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here