ដំណើររាប់ថយក្រោយ១ឆ្នាំគត់ ឆ្ពោះទៅកាន់ម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ របស់ប្រទេសកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជានៅសល់ពេល៣៦៥ថ្ងៃ ឬ១ឆ្នាំគត់ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលសម្រេចកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ សម្រាប់រៀបចំពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងដំណើរការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់២ឆ្នាំម្ដងនេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា “ក្នុងនាមអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ CAMSOC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងការអនុវត្ត តាមដាន ត្រួតពិនិត្យការងារជាប្រចាំក្រោមភាពជាអ្នកដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC”។

លោកបន្តថា “អគ្គលេខាធិការដ្ឋាន CAMSOC មានក្ដីសោមនស្សរីករាយ ចំពោះពេលវេលាខិតជិតមកដល់នេះ ដ្បិតថ្ងៃនេះ គឺជាពេលវេលាសេសសល់១ឆ្នាំគត់ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ដ្រដ៏ធំមួយប្រចាំកម្ពុជា នឹងលេចចេញជារូបរាង ហើយយើងខ្ញុំទាំងអស់គ្នា ប្ដេជ្ញាចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះឱ្យទទួលបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងទទួលបានជោគជ័យ ក្នុងការស្វែងរកឧត្តមភាពកីឡា ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២៣ នេះ”។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ បន្ទាប់ពីចប់ព្រឹត្តិការណ៍ នេះ ប្រទេសកម្ពុជានឹងបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here