ដោយ៖ សុផារី
ភ្នំពេញ៖ ផ្សារលក់ទំនិញម៉ាក្រូប្រកាសបោះទុនវិនិយោគប្រមាណ១២,៧លានដុល្លារអាមេរិក ក្នុងគម្រោងពង្រីកសាខាទីពីររបស់ខ្លួន ក្រោយជោគជ័យយ៉ាងខ្លាំងលើសាខាទី១នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនផ្សារលក់ទំនិញ MAKRO (CAMBODIA) COMPANY LIMITED នឹងសាងសង់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយ ដែលជាសាខាផ្សារទំនើបម៉ាក្រូទី២ មានទីតាំងស្ថិតនៅស្តុបលីយ៉ុងផាត់ ផ្លូវជាតិលេខ៦អា ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងត្រូវបានរំពឹងថា អាចបង្កើតការងារបានចំនួន១៦១កន្លែង។
នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរសៀលថ្ងៃទី៥ឧសភា២០២២នេះ ស្តីអំពីការអនុម័តគម្រោងវិនិយោគថ្មីចំនួន៦បន្ថែមទៀត ដែលមានទឹកប្រាក់វិនិយោគសរុបចំនួនជាង១៥២,៦លានដុល្លាអាមេរិក។
ក្រុមហ៊ុន Siam Makro Plc ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED កាលពីដើមឆ្នាំ២០២២នេះ បានប្រកាសផែនការវិនិយោគបន្ថែមចំនួន១១ពាន់លានបាត ឬស្មើនឹង លានដុល្លារអាមេរិក ក្នុងការពង្រីកអាជីវកម្ម ក្នុងនោះក្រុមហ៊ុននឹងពង្រីកបន្ថែមហាងថ្មីចំនួនពីរនៅក្នុងប្រទេសកម្ពុជា។
តាមរយៈផែនការពង្រីកនេះ បានធ្វើឱ្យចំនួនផ្សារ Makro មានចំនួនសរុប១៨៤នៅឆ្នាំ២០២២នេះ។ ក្នុងចំណោមចំនួនផ្សារសរុប មាន១៧២ផ្សារមានទីតាំងនៅក្នុងប្រទេសថៃ ហើយ១២កន្លែងទៀតស្ថិតនៅទីផ្សារបរទេស៕