ដោយ សុខុម
ហុងកុង: ដំណឹងដ៏រំជើបរំជួលថា កំពូលមហាសេដ្ឋីចិន Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba ត្រូវឃាត់ខ្លួន បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនប្រភេទ E-commerce ខ្នាតយក្សមួយនេះធ្លាក់ចុះរហូតដល់ទៅ៩,៤% ដែលគិតជាប្រាក់ស្មើនឹង២៦ពាន់លានដុល្លារអាមេរិក។
ភាពជ្រួលច្របល់ក្នុងទីផ្សារភាគហ៊ុននេះ បានកើតមានឡើង ក្រោយពីស្ថានីយទូរទស្សន៍រដ្ឋ China Central Television (CCTV) បានផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែឧសភាថា ជនសង្ស័យម្នាក់មានត្រកូល Ma រស់នៅក្រុងហាងចូវ (Hangzhou) ទីដែលក្រុមហ៊ុន Alibaba បោះមូលដ្ឋានការិយាល័យកណ្ដាលត្រូវបានឃាត់ខ្លួន តាមការសង្ស័យពីបទបង្កអសន្តិសុខជាតិ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ៥ ខែឧសភា នេះ។
ស្ថានីយទូរទស្សន៍ចិន ដដែលបានផ្សាយថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសា តាមការសង្ស័យពីបទ “ឃុបឃិតជាមួយកងកម្លាំងប្រឆាំងប្រទេសចិន នៅក្រៅប្រទេស” និងបទ “ញុះញង់”។
សេចក្ដីរាយការណ៍នេះ បានធ្លាយទៅដល់ស្ថាប័នសារព័ត៌មានរដ្ឋផ្សេងៗទៀត និងស្ថាប័នសារព័ត៌មានទូទាំងប្រទេសចិនភ្លាមៗ បង្កការឆោឡោ និងធ្វើឱ្យអ្នកវិនិយោគសម្រុកលក់ចេញ ភាគហ៊ុននៅក្រុងហុងកុង ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Alibaba ខាតបង់រហូតដល់ទៅ២៦ពាន់លានដុល្លារអាមេរិក ក្នុងពេលត្រឹមតែប៉ុន្មាននាទី។
ទោះជាយ៉ាងណា អំឡុងពេលចលាចលនេះ លោក Hu Xijin អតីតអគ្គនិពន្ធនាយកកាសែតចិន Global Times បានប្រញាប់ចូលទៅបញ្ជាក់ លើបណ្ដាញទំនាក់ទំនងសង្គមចិន Weibo ថា សេចក្ដីរាយការណ៍ព័ត៌មាននោះ បានបង្កឱ្យមានការយល់ច្រឡំ ព្រោះជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ Ma Yun គឺមិនមែនកំពូលមហាសេដ្ឋី Jack Ma មេក្រុមហ៊ុន Alibaba នោះឡើយ។
ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់បន្ថែមទៀត កាសែតGlobal Times បានចុះផ្សាយថា ជនសង្ស័យរូបនោះកើតក្នុងឆ្នាំ១៩៨៥ នៅក្រុងវិនចូវ (Wenzhou) បច្ចុប្បន្នមានវ័យ៣៧ឆ្នាំ និងមានមុខងារជានាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ Hardwareនៅក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន (IT) មួយ ខណៈលោក Jack Ma កើតក្នុងឆ្នាំ១៩៦៤ នៅក្រុងហាងចូវ (Hangzhou) បច្ចុប្បន្នវ័យ៥៨ឆ្នាំ៕ CNN៕