ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ដំណឹងល្អ គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងត្រូវសាងសង់ជាបួនគន្លង នឹងសាងសង់នាពេលឆាប់ៗនេះ ដោយគ្រោងចំណាយថវិកា ២៥៩លានដុល្លារអាមេរិក។
យោងតាមប្រភពពីមន្ត្រីដែលអាចទុកចិត្តបាន នៃរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនារសៀលថ្ងៃទី២០ តុលានេះថា ស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣បត់បែនបែកខ្នែង ដូចអន្ទង់អាំងនៅរាជធានីភ្នំពេញ ចំណាយទឹកប្រាក់ប្រមាណ២៥៩លានដុល្លារ ក្នុងពេលឆាប់ៗនេះរាជធានីភ្នំពេញ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ មានស្ថានភាពបត់បែន បែកខ្នែងដូចអន្ទង់អាំង នឹងមានប្រវែងសរុប៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង មានទទឹងតួផ្លូវសរុប២៥ម៉ែត្រ តម្លៃសរុប២៥៩លានដុល្លារអាមេរិក គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។
ផ្លូវក្រវាត់ទីក្រុងទី៣នេះ រត់កាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងបញ្ចប់នៅផ្លូវជាតិលេខមួយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ធនាគារនីហរ័ណ អាហរ័ណចិន បានយល់ព្រមផ្តល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ២៥៩លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងសាងសង់ឆាប់ៗនេះហើយ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ក្រុមហ៊ុនសំណង់សៀងហៃចិន ជាអ្នកទទួលខុសត្រូវក្នុងការងារសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ និងដោយមានការត្រួតពិនិត្យបច្ចកទេស ពីក្រុមហ៊ុនក្វាងចូវវ៉ាន់អាន មកពីប្រទេសចិន។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានប្រវែងសរុប៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង មានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។
ផ្លូវក្រវាត់ទីក្រុងទី៣នេះ ផ្លូវរថយន្តមាន៤គន្លង ដែលមួយគន្លងមានទទឹង៣,៥០ម៉ែត្រ ចំណែកផ្លូវទោចក្រយានយន្ត២គន្លង មួយគន្លងមានទទឹង២,២៥ម៉ែត្រ។ ផ្លូវនេះនឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨+៤០០ និងផ្លូវខ្នែងប្រវែង៥.៣៧៥ម៉ែត្រ។
តាមរយៈគម្រោងសាងសង់ផ្លូវក្រវាត់ទីក្រុងទី៣នេះ សម្រាប់វិស័យអចលនទ្រព្យ ការពង្រីកផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ គឺបានបញ្ជាក់ថា វិស័យអចលនទ្រព្យ កំពុងតែមានកំណើនខ្លាំងក្លា ដែលទាមទារឲ្យពង្រីកទំហំក្រុងបន្ថែមទៀត ដើម្បពង្រីកទំហំវិនិយោគឲ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវ៉ាត់ក្រុងដ៏ធំមួយនេះ នឹងជម្រុញទាំងចំនួន និងតម្លៃអចលនទ្រព្យ នៅក្នុងតំបន់នោះ ឲ្យកើនឡើងផងដែរ ៕