ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ អ្នកវិនិយោគតៃវ៉ាន់បានសម្រេចចិត្ត វិនិយោគលំនៅដ្ឋានប្រកបដោយការច្នៃប្រឌិត និងស្របតាមទស្សទាននៃការអភិវឌ្ឍថ្មីជាលើកដំបូងមួយ នៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
គំរោងនេះ ជាការវិនិយោគដោយក្រុមហ៊ុន DREAM HOME ដែលជាការសហការរួមគ្នារវាងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនមកពីកោះតៃវ៉ាន់។
លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century21 Dream Property ដែលទទួលសិទ្ឋលក់ផ្តាច់មុខគំរោងនេះ បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២២ តុលានេះថា នេះជាគំរោងលំនៅដ្ឋានមួយដែលមានការរៀបចំ និងការដីសាញបែបថ្មី មានភាព ទំនើបទាន់សម័យ ដោយលំនៅដ្ឋានក្នុងគំរោងនេះជាគំរោងទី២ ដែលមានលំនៅដ្ឋានសរុបចំនួន២៦ ដែលអភិវឌ្ឍន៍ឡើងប្លែកពីគេនិងមានផាសុខភាព។ លោកបន្តថា គំរោងនេះបានសាងសង់កំពស់៣ជាន់ (រាប់ទាំងជាន់ផ្ទាល់ដី) ដោយជាន់ផ្ទាល់ដីជាចំណតយានយន្ត ជាន់ទី១ ជាចង្ក្រានបាយ និងបន្ទប់ទទួលភ្ញៀវ និងមានសួនច្បារកំសាន្ត និងជាន់ទី២ ជាបន្ទប់គេង។
លំនៅដ្ឋានក្នុងគំរោងនេះ លក់ចាប់ពីតម្លៃ៧៣,០០០ដុល្លារ ដល់ជាង៩០,០០០ដុល្លារអាមេរិក។
លោកគាម សៀកឡុងបានបន្តថា “គំរោងនេះផ្តល់ឲ្យអតិថិជននូវប្លង់រ៉ឹង ដែលអាចបង់រំលោះរហូតដល់២៥ឆ្នាំ ហើយរហូតមកទល់ពេលនេះការលក់ផ្ទះក្នុងគំរោងនេះសម្រេ
ចបានប្រមាណ៤០ភាគរយហើយ។លោកបន្តថា “ដោយសារវាជាការឌីសាញមានលក្ខ ណៈពិសេស និងមានទ្វារសុវត្ថិភាព ដែលមានតែម្ចាស់លំនៅដ្ឋានទើបអាចចេញចូលបាន ទើបយើងទទួលយកគំរោងនេះមកលក់ ហើយយើងរំពឹងថានឹងលក់អស់នៅពេលឆាប់ៗនេះ។
ដោយគិតពីផាសុខភាពដល់អ្នករស់នៅ ទើបអ្នកអភិវឌ្ឍន៍គមរោងនេះបានរក្សាទុកមុខផ្ទះមានទំហំធំ ដែលមានប្រវែងចាប់ពី៥ទៅ៦ម៉ែត្រ ដែលផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល និងមានផាសុខភាព។
លោក គាម សៀកឡុង បានបន្តថា លំនៅដ្ឋានក្នុងគំរោងនេះ បានសាងសង់បញ្ចប់ហើយ ហេតុនេះអ្នកមានបំណងជាវគំរោងនេះ អាចទិញរួចហើយចូលស្នាក់នៅបាន ដោយមិនចាំបាច់ចំណាយពេលរហូតផ្ទះសាងសង់ចប់នោះទេ។
លោកបន្តថា គ្រប់ទិសទាំងអស់នៅរាជធានីភ្នំពេញ សុទ្ឋតែមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហេតុនេះទើបការអភិវឌ្ឍបានសាយភាយមកដល់ក្រុងតាខ្មៅ ដោយសារក្រុងតាខ្មៅមានទីតាំងនៅកៀករាជធានីភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ពិសេសផ្លូវ៦០ម៉ែត្រឬមហាវិថីសម្តេចតេជោហ៊ុន សែនបានស្ថិតនៅក្បែរគ្នានេះ ដែលធ្វើឲ្យការធ្វើដំនើរចេញចូលរាជធានីភ្នំពេញមានភាពងាយស្រួល។
លោកបន្តថា ដោយទទួលបានជោគជ័យជាបន្តបន្ទាប់ចាប់ពីគំរោងទី១ ដល់ទី២នេះ នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងវិនិយោគគំរោងស្រដៀងគ្នានៅតំបន់នេះបន្តទៀត ដោយសារតំបន់នេះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានលក្ខខ័ណ្ឌសមស្របទាំងទីតាំង និងអាកាសធាតុល្អប្រសើរ៕