ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលនឹងកត្តាសុខសន្តិភាព កំនើនសេដ្ឋកិច្ចនិងស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន អ្នកវិនិយោគលើវិស័យខុនដូអន្តរជាតិ បានចូលមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើន ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានភាពទាក់ទាញ និងការប្រកួតប្រជែងកើនឡើង។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កាលពីឆ្នាំ២០០៨ចំនួនខុនដូនៅកម្ពុជាមានតែ១៧៦យូនីតប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះខុនដូចំនួន១២០០០យូនីតបានបញ្ចប់និងដាក់ចូលទីផ្សារ ខណៈគំរោងខុនដូជាច្រើនទៀតកំពុងសាងសង់ និងត្រៀមបញ្ចប់។អ្នកនាងបន្តថា កាលពីឆ្នាំ២០០៨ មានតែអ្នកវិនិយោគកូរ៉េប៉ុណ្ណោះ បានវិនិយោគសាងសង់ខុនដូលក់ តែបច្ចុប្បន្នអ្នកវិនិយោគជាច្រើនបានចូលមក ដូចជា អ្នកវិនិយោគចិន តៃវ៉ាន់ កូរ៉េ ជប៉ុន សឹង្ហុបុរីជាដើម។