ក្រុមហ៊ុនលក់រាយធំជាងគេនៅកម្ពុជាពង្រីកទីតាំងស្តុកទំនិញនៅខេត្ត ព្រះសីហនុ

0

ដោយៈសុផារី

ក្រុងព្រះសីហនុៈ គម្រោងសាងសង់ឃ្លាំងភស្តុភារពហុមុខងាររបស់ក្រុមហ៊ុន អ៊ីអនម៉ល(ខេមបូឌា)ឡូជី ផ្លាស ខូអិលធីឌី (Aeon Mall (Cambodia) Logi Plus Co., Ltd) នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ពិធីក្រុងពាលីបើកការដ្ឋានគម្រោងធំមួយនេះ មានការចូលរួមពីសំណា​ក់លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មជ្ឈមណ្ឌលពហុមុខងារនេះ នឹងត្រូវសាងសង់នៅលើផ្ទៃដី ៣០.០០០ម៉ែត្រការ៉េ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ ក្រុងព្រះសីហនុ ដោយគ្រោងដាក់ដំណើរការនៅឆ្នាំ២០២៣ខាងមុខ។

គម្រោងនេះ នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ដែលនឹងមានផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយ ក្នុងការគ្រប់គ្រងនិងដឹកជញ្ជូនទំនិញនាំចូល (Fulfillment service) និង សេវាកម្មសម្របសម្រួលនីតិវិធីគយ (Customs clearance) នៅក្នុងភណ្ឌាគារគយមានដែនកំណត់ (Bonded Warehouse) របស់ខ្លួន។

លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាជម្រុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិ មជ្ឍមណ្ឌ​លភស្តុភាកម្ម ដែលមានទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក និងជម្រុញខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

លោកបានបន្ថែមថា “កម្ពុជា និងជប៉ុនមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ហើយរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញវត្ថុជាជំនួយមនុស្សធម៌ជាច្រើនមកដល់កម្ពុជា ព្រមទាំងស្នើសុំឱ្យធុរកិច្ចជប៉ុន ជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគជប៉ុន មកទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here