ដោយៈគង់ សូរិយា
កំពតៈ អគារពាណិជ្ជកម្មកប់ពពកលំដាប់អន្តរជាតិដំបូងគេ នៅក្រុងកំពត បាននិងកំពុងពន្លឿនការសាងសង់ ដើម្បីបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ។
លោកសាស្រ្តាចារ្យទួស សាភឿនថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុនថៃ ប៊ុនរ៉ុងដែលបាននិងកំពុងវិនិយោគ សាងសង់អាគារនេះបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលទីថ្ងៃទី១២ ឧសភាថា បច្ចុប្បន្នការសាងសង់គំរោងនេះ បានឡើងដល់ជាន់ទី១០ហើយ ដោយក្រុមការងារបាននិងកំពុងសំរុកធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់ការសាងសង់តាមផែនការដែលបានគ្រោងទុក។
-->

លោកបន្តថា “អគារពាណិជ្ជកម្មនេះ នឹងរួមបញ្ចូលនូវការិយាល័យធ្វើការបែបទំនើប សណ្ឋាគារប្រណីត មជ្ឈមណ្ឌលកំសាន្ត ខារ៉ាអូខេ អាផាតម៉ិនដែលអាចជួលប្រើប្រាស់រយៈពេលវែង”។ លោកបន្តថា “ជាមួយគ្នានេះ យើងក៏មានភោជនីយដ្ឋាន សំរាប់ម្ហូបអាហារច្រើនប្រទេស និងសេវាកម្មជាច្រើនទៀត”។

លោកគឹម សង្រ្គាមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា លោកគិតថាគំរោងនេះ នឹងទទួលបានជោគជ័យ ព្រោះទី១ មុនវិនិយោគក្រុមហ៊ុនបានសិក្សាពីទីផ្សាររួចហើយ ទី២ សក្តានុពលសេដ្ឋកិច្ចក្នុងខេត្តកំពតនៅតែដំណើរការល្អ ទោះមានវិបត្តិកូវីដក្តី ព្រោះខេត្តកំពតពឹងផ្អែកសេដ្ឋកិច្ចក្នុងស្រុកច្រើន មានភ្ញៀវទេសចរណ៍ក្នុងស្រុកច្រើន។

លោកបន្តថា “ជាមួយគ្នានេះ ខ្ញុំមើលឃើញថាអ្នកវិនិយោគជាច្រើនបានចាប់ផ្តើមចូលមកកាន់ខេត្តកំពត ហើយខេត្តនេះនឹងដើរតួជាប៉ូលសេដ្ឋកិច្ចថ្មីមួយនៅតំបន់ឆ្នេរ ដែលមានសកម្មភាពពាណិជ្ជកម្មបែបពហុបំណង”។លោកបន្តថា “សក្តានុពលលើសេដ្ឋកិច្ច ដែលពឹងផ្អែកលើកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគអចលនទ្រព្យ នឹងធ្វើឲ្យអគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុងនឹងទទួលបានជោគជ័យ”។
លោកបន្តថា ការវិនិយោគរបស់ក្រុមហ៊ុននេះ ជាការឆ្លយតបនិងត្រៀមទុកសម្រាប់កិច្ចការមួយចំនួន ដែលជាសក្តានុពលរបស់ខេត្ត សូម្បីតែលោក
ក៏ត្រូវការអាគារបែបនេះ សម្រាប់ធ្វើជាការិយាល័យរបស់ខ្លួន នាពេលអនាគតផងដែរ៕