ភ្នំពេញ៖ ស្របពេលភាពតានតឹងនយោបាយកំពុងកើតឡើង ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភពីបញ្ហានេះ ប៉ុន្តែប្រធានអ្នកសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានលើកឡើងថា កំដៅនយោបាយមិនប៉ះពាល់ការវិនិយោគក្នុងវិស័យនេះទេ។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី០៩ តុលានេះថា លោកគិតថា អ្នករកស៊ី អ្នកវិនិយោគ និងប្រជាពលរដ្ឋទូទៅ មិនគួរបារម្ភពីបញ្ហានេះពេកទេ ដោយសារអ្វីជាតម្រូវការចាំបាច់ ដែលជាមុខរបរប្រចាំថ្ងៃដូចជា កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម គឺជាកត្តាចម្បង ដែលយើងគួរផ្តោត និងគិតតែធ្វើទៅ ព្រោះរយៈពេល ៥ឆ្នាំម្តងតែងតែមានការបោះឆ្នោត ហើយប្រជាជនក៏កាន់តែយល់ដឹងច្រើន មិនគួរបារម្ភពីបញ្ហានេះទេ គួរតែគិតអំពីមុខរបររបស់ខ្លួនធ្វើយ៉ាងណាឲ្យមានភាពរីកចម្រើន។
-->

លោកបញ្ជាក់ថា “ប្រសិនជាយើងចេះតែស្តាប់គេនិយាយ គឺវាមិនដូចអ្វីដែលយើងនៅទីនេះផ្ទាល់នោះទេ គឺយើងនៅទីនេះឃើញជាក់ស្តែង គឺមិនមានបញ្ហាអ្វីផង ដូច្នេះកុំគិតពីចំណុចនេះខ្លាំងពេក។ លោកបន្តថា “បើយើងស្តាប់គេនិយាយ ហើយមើលព័ត៌មានខ្លះបំប៉ោងបន្ថែម កាន់តែធំធេងណាស់ ប៉ុន្តែសម្រាប់យើងជាអ្នកនៅទីនេះ វិនិយោគផ្ទាល់ គឺមិនមានបញ្ហាទេ ហើយបើមានបញ្ហាខ្ញុំនឹងមិនបញ្ចេញគំរោងរបស់ខ្ញុំបន្តបន្ទាប់ទេ ហើយនៅពេលខាងមុខឆាប់ៗនេះ ខ្ញុំនឹងបញ្ចេញគំរោងវិនិយោគថ្មីបន្ថែមទៀត។
លោកឧកញ៉ា លី ហួរ បានបន្តថា “ខ្ញុំមិនគិតថាវាជាបញ្ហាធំទេ ព្រោះបន្ទាប់ពីការបផះឆ្នោតហើយ អ្វីៗនឹងល្អរៀបរយឡើងវិញមិនខាន។ ហេតុនេះយើងមានមុខរបរអ្វី យើងត្រូវគិតអ្វីចំពោះមុខថា តើយើងអាចធ្វើអ្វីបាន កុំលឺផ្គរក្តុងក្តាំងៗ ហើយចាក់ទឹកចោលអស់ ប៉ុន្តែមិនមានភ្លៀងផង។
លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានថ្លែងថា អ្វីៗនៅតែដំណើរការល្អប្រសើរ មិនមានបញ្ហាអ្វីនោះទេ ដោយសារកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហេតុនេះអ្នកវិនិយោគមានភាពឆ្លាតវៃណាស់ ពួកគេមើលរយៈពេលវែង គឺសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំរយៈពេលវែង ស្ថិរភាពនយោបាយនៅតែរក្សាបាន ហេតុនេះកម្ពុជានៅតែជាទីតាំងដ៏ទាក់ទាញ សម្រាប់អ្នកវិនិយោគនានា។

លោកបន្តថា “ខ្ញុំគិតថាកម្ពុជានៅតែបន្តរីកចម្រើន និងមិនមានអ្វីប៉ះពាល់ពីបញ្ហានយោបាយតិចតួចនេះទេ វាមិនមែនជាបញ្ហាទេ គឺរដ្ឋាភិបាលអនុវត្តន៍ច្បាប់ អ្នកណាធ្វើខុសគឺមានទោសជារឿងធម្មតា ព្រោះប្រទេសយើងប្រកាន់យកនិតិរដ្ឋ។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លស និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ជាធម្មតាក្នុងពេលមានអ្នកមួយចំនួនមើលឃើញបញ្ហា វាជាឱកាសទៅវិញទេ ដែលអ្នកឆ្លាតតែងមានឳកាសជោគជ័យ ព្រោះពេលនេះអ្នកណាហ៊ានគឺទទួលបានផលចំណេញ ខណៈអ្នកព្រួយបារម្ភបានលក់អចលនទ្រព្យរបស់ខ្លួន។
លោកបន្តថា សម្រាប់ខ្ញុំ ខ្ញុំគិតថាវាមិនមានអ្វីគួរឲ្យបារម្ភទេ ព្រោះអ្វីៗទាំងអស់រដ្ឋាភិបាលអាចគ្រប់គ្រងបាន។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា រយៈពេល ៧ខែដើមឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យមានទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិក៕
ដោយ គង់ សូរិយា