ដោយៈសុផារី
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា ខ្លួននៅតែបន្តគាំទ្រថវិកា និងជំនួយបច្ចេកទេសដល់ ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ (GMS) ក្នុងការអភិវឌ្ឍសម្បទាទេសចរណ៍ នៅប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ (CLVT) និងបង្កើតបណ្តាញទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។

-->
ក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍ របស់បណ្តាប្រទេសមហាអនុតំបន់មេគង្គលើកទី៤៩ (49th GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា លោក Steven Schipani ប្រធានអ្នកឯកទេសឧស្សាហកម្ម ទេសចរណ៍របស់ធនាគារABD បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រដល់ប្រទេសជាសមាជិកមហាអនុតំបន់ទៅលើគម្រោងចំនួន២។

គម្រោងទី១ គឺការផ្តល់ជំនួយបច្ចេកទេស លើការអភិវឌ្ឍសម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ (CLVT) ឬការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)។

គម្រោងនេះត្រូវចំណាយថវិកា១,៧លានដុល្លារ ដែលមានសកម្មភាពអនុវត្តជាច្រើន ដូចជា ផែនការរៀបចំប្រព័ន្ធអេកូទេសចរណ៍វៃឆ្លាត វគ្គបណ្ដុះបណ្ដាល ជាដើម។
គម្រោងទី២ គឺគម្រោងបង្កើតបណ្តាញទេសចរណ៍ ប្រកបដោយនិរន្តរភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Sustainable Tourism Hub)។

ភាគីកម្ពុជាបានលើកឡើងថា កម្ពុជាបានខិតខំជំរុញលើការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ប្រកបដោយបរិយាប័ន្ន (TIIG) នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍ សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីស្តារឡើងវិញនូវស្ថានភាពទេសចរណ៍ ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។
តំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំ របស់ជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការស្តារវិស័យ និងការបើកប្រទេសឡើងវិញ៕
