តើសម្តេចតេជោលើកឡើងអ្វីខ្លះទាក់ទងនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈអាមេរិកកំពុងលូកដៃចូលតំបន់នេះ

0

  ដោយៈ គង់ សូរិយា

       អាមេរិកៈ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោហ៊ុន សែន បានលើកឡើងថា សហរដ្ឋអាមេរិក គឺអាចរួមចំណែកជួយ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ ក្នុងពេលជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលលទ្ធផលមានការលំបាកជាច្រើន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច។

ថ្លែងនៅក្នុងកិច្ចប្រជុំ និងពិធីទទួលទានអាហារដែលរៀបចំ ដោយប្រធានាធិបតីអាមេរិក ជូនដល់ថ្នាក់ដឹកនាំអាស៊ាននារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោបានលើកឡើងថា ពាក់ព័ន្ធទៅលើចំណុចមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលលទ្ធផល មានការលំបាកជាច្រើន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ហើយនឹងធ្វើឲ្យបញ្ហាសេដ្ឋកិច្ចនេះ ប៉ះពាល់ដល់ប្រទេសទាំងឡាយ។

សម្ដេចក៏បានគូសបញ្ជាក់ អំពីការចូលរួមវិភាគទានរបស់សហរដ្ឋអាមេរិក ទៅដល់ការជួយដល់ប្រទេសជាសមាជិកអាស៊ាន ពិសេសក្នុងការពង្រឹងសមត្ថភាព ក៏ដូចជាការពង្រឹងពីសារៈសំខាន់ នៃបច្ចេកវិទ្យា ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការអភិវឌ្ឍ ក៏ដូចជាការពង្រឹងពីសមត្ថភាព នៃការប្រើប្រាស់បច្ចេកវិទ្យានេះ ជាពិសេសឥឡូវនេះដោយសារស្ថានភាព នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន យើងឃើញហើយ អ្វីដែលសំខាន់គឺមានការលំបាកជាច្រើន។ សម្ដេចថា សហរដ្ឋអាមេរិកគឺអាចរួមចំណែកជួយ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។

ជាការឆ្លើយតប ប្រធានាធីបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គូសបញ្ជាក់ថា រយៈពេល៤៥ឆ្នាំហើយ ដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយអាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន លើកនេះគឺមានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។

លោកបានបញ្ជាក់ថា “អាស៊ានគឺនៅក្នុងបេះដូង របស់សហរដ្ឋអាមេរិកក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក”។

លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះទេ អាមេរិក មានភាពរីករាយក្នុងការដំឡើងភាពដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងសហរដ្ឋអាមេរិក និងអាស៊ាន ហើយការដែលលោកប្រធានាធិបតីទទួលអាហារពេលល្ងាច គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន។

សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទ “អាស៊ានរួមគ្នា ធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាព ប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើង ក៏ទទួលស្គាល់តួនាទី ប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។

សម្ដេចមានប្រសាសន៍បន្តថា “អាស៊ានសូមវាយតម្លៃខ្ពស់ លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វើក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here