ដោយ វុត្ថា
ភ្នំពេញ: ប្រមុខដឹកនាំនិង វិនិយោគគិន និងតំណាងក្រុមហ៊ុនធំៗជាច្រើនមកពីជុំវិញពិភពលោកប្រមាណជាង ៦០០០ នាក់ចូលរួមក្នុងវេទិកាវិនិយោគពិភពលោក នៅ ទីក្រុង ហ្សឺណែវ ប្រទេសស្វីស (The 2018 World Investment Forum (WIF) ដែលរៀបចំដោយ UNCTAD ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២២-២៣ តុលា ។
វេទិកានេះគឺផ្តោតសំខាន់ក្នុងការពិភាក្សាគ្នាលើភាពមិនទៀងទាត់នៃសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនអំពីទិសដៅអភិវឌ្ឍន៍ជានិរន្តភាព (SDG)ដែលពិភពលោកកំពុងផ្តោតយកចិត្តទុកដាក់នឹងតាំងចិត្តសម្រេចអោយបាននៅឆ្នាំ ២០៣០។ ច្បាស់ណាស់ ជាង២ទសវត្សកន្លងមកនេះ ការធ្វើពាណិជ្ជកម្មពីប្រទេសមួយទៅប្រទេសមួយនៅជុំវិញពិភពលោក គឺជាកម្លាំងដែលបានធ្វើអោយមានការរីកចម្រើន រួមទាំងកំណើនការងារ និងការផ្លាស់ប្តូរចែករំលែកនូវបច្ចកវិទ្យាដែលបានជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិបានជាង៨០%។
មេដឹកនាំនានាដែលចូលរួមក្នុងវេទិកាបានសង្កត់ធ្ងន់អំពីទិសដៅសំខាន់នៃរបៀបវារៈឆ្នាំ ២០៣០ គឺលុបបំបាត់ភាពក្រីក្រ, វិសមភាព, ការខូចខាតបរិស្ថាន និងដំណោះស្រាយលើបញ្ហាមិនចុះសម្រុងមួយចំនួន ដែលយើងមានរយៈពេលតែ ១២ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីរៀបចំពិភពលោកនេះអោយបានល្អ។
ក្នុងនោះសំខាន់បំផុតគឺត្រូវផ្តោតវិនិយោគលើទិសដៅពិភពលោករួម ដែលតម្រូវអោយមានការចូលរួមពីវិស័យឯកជន, រដ្ឋាភិបាល, អង្គការនីតិបញ្ញាត្តិ និងសង្គមស៊ីវិល ដែលត្រូវសហការធ្វើការជាមួយគ្នាអោយបានកាន់តែទូលំទូលាយដើម្បីឆ្ពោះទៅរកទិសដៅរូមគ្នាស្របតាមទិសដៅ SDG ។