តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ 1 បន្តកើនឡើង

0

ដោយ ៖ រ៉ាវី

ភ្នំពេញ  ក្រោម​ស្ថិរភាព​នយោបាយ​ដ៏​ល្អប្រសើរ រួម​ជាមួយនឹង​ការរក្សាបាន​កំណើនសេដ្ឋកិច្ច​ជា​រៀងរាល់ឆ្នាំ ជាពិសេសលំហូរ​នៃការវិនិយោគផ្ទាល់ពីបរទេ​ស​បានធ្វើឲ្យតម្លៃដីធ្លី នៅតាមបណ្តោយផ្លូវជាតិលេខ 1 ក៏ដូចជាតំបន់ដទៃទៀតបន្តកើនឡើងក្នុងឆ្នាំនេះ។

​ជាមួយនឹងផ្លូវថ្នល់ស្អាត មានការពង្រីករហូតដល់4គន្លង បានធ្វើឲ្យចរន្តនៃការអភិវឌ្ឍន៍ នៅតាមបណ្តោយផ្លូវជាតិលេខ1កើនឡើងខ្លាំង រាប់ទាំងបុរី មជ្ឈ​មណ្ឌលពាណិជ្ជកម្ម ទីក្រុងរណប និងតំបន់សេដ្ឋកិច្ចពិសេសនានា ដែលសុទ្ឋតែ ជាកត្តាជំរុញដីនៅតាមបណ្តោយផ្លូវដ៏សំខាន់នេះ បន្តកើនឡើងជាបន្តបន្ទាប់។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​លើកឡើងថា ជាការពិតនៅពេលតំបន់ក្នុងក្រុង ត្រូវបានអភិវឌ្ឍន៍ពេញលេញ និងចង្អៀត គឺវាប្រាកដជារុញច្រានការវិនិយោគ និងអភិវឌ្ឍន៍ទៅកាន់តំបន់ជាយក្រុង​។ ដោយឡែកសម្រាប់ការអភិវឌ្ឍ និងការកើនឡើងនូវចំនួនសំណង់អគារពាណិ​ជ្ជកម្ម ក៏ដូចជាលំនៅដ្ឋាននៅភាគខាងជើង ឆៀងខាងជើងនៃក្រុងភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ1 ជាពិសេស ដូចជាសំណង់បុរីធំមួយចំនួននោះ គឺវាពិតជាបានរុញច្រានឱ្យតម្លៃដីនៅតំបន់នោះឡើងថ្លៃ។

ប៉ុន្តែទោះជាយ៉ាងណា ដោយសារតែតំបន់នេះទើបតែមានការរីកចម្រើន និងកំពុងអភិវឌ្ឍនៅឡើយនោះ តម្លៃដីក៏នៅមានកម្រិតនៅឡើយ ជាពិសេស ចាប់ពីសង្កាត់ព្រែកឯង ឆ្ពោះទៅតំបន់ផ្លូវបំបែករោងចក្រស្រាបៀរថៃហ្គ័រ នៅអាចត្រឹម 250 – 300 ដុល្លារ ក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ លើកលែងតែតំបន់ដែលស្ថិតក្នុងសង្កាត់ច្បារអំពៅ1 សង្កាត់ច្បារអំពៅ2 និងសង្កាត់និរោធ ដែលមានតម្លៃថ្លៃ ព្រោះវាជាតំបន់ទីប្រជុំជន និងមានការអភិវឌ្ឍខ្លាំង » ។

លោកច្រឹក សុខនីម ក៏បានបញ្ជាក់ផងដែរថា ទោះជាយ៉ាងណា សម្រាប់វិស័យអចលទ្រព្យ ជាពិសេស វិស័យដីធ្លីតែម្ដង គឺមានឱកាសច្រើន និងល្អប្រសើរសម្រាប់អ្នកវិនិយោគ ដ្បិតដីនៅតំបន់នេះនៅមានភាពទូលាយ ហើយតម្លៃក៏មានកម្រិតទាបនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here