ADB ផ្តល់ហិរញ្ញប្បទានជិត២៥០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ : ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ​សរុបជិត២៥០លានដុល្លាអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តន៍​គម្រោងវិស័យអប់រំ គម្រោងកែលម្អគ្រប់គ្រង់បរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប គម្រោង​អភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន​ជាមួយ លោកស្រី Sunniya Durrani-Jamal នាយិការស្ថានតំណាងធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅកម្ពុជា នៅទីស្តីការក្រសួងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ ជំនួយហិរញ្ញបប្បទាននេះ សម្រាប់បន្តអនុវត្តន៍គម្រោងចំនួន៤ នេះ សម្រាប់​កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ កម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២ គ្រោងចំណាយ​ថវិការសរុបប្រមាណ ៥៣,៥០ លានដុល្លាអាមេរិក សម្រាប់អនុវត្តន៍យុទ្ធសាស្រ្ត​វិស័យអប់រំឆ្នាំ២០១៤ ២០១៨ និងការព្យាករណ៍តម្រូវការអភិវឌ្ឍន៍វិស័យអប់រំ​ឆ្នាំ២០២០ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដោយផ្តោតទៅលើកម្មវិធីគោលនយោបាយវិស័យអប់រំ កម្រិតមធ្យមសិក្សាទុតិយភូមិ​ជំហានទី២  កម្មវិធីវិនិយោគដើម្បីបង្កើនប្រសិទ្ធភាព ប្រព័ន្ធអប់រំកម្រិ​ត​មធ្យមសិក្សាទុតិយភូមិ។

ចំណែកគម្រោងកែលម្អការគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហានទី២ គ្រោងចំណាយថវិកាសរុប៩៧,៧០លានដុល្លាអាមេរិក គឺសម្រាប់អភិវឌ្ឍន៍និងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រុងអទិភាពចំនួន៣ គឺក្រុងស្ទឹងសែន ក្រុងសិរីសោភ័ណ្ឌ និងក្រុងបាតដំបង រួមជាមួយការកសាងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣  ប្រព័ន្ធ​បណ្តាញ​លូ នឹងសាងសង់ទីលានចាក់សំរាម ។ ចំណែកគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គជំហានទី៤ គ្រោងចំណាយថវិការសរុបប្រមាណ ៨៨,៥០លាន​ដុល្លាអាមេរិក គឺសម្រាប់ពង្រីកសេវាសាធារណៈនៅទីប្រជុំជន ដែលនឹងជួយលើក​កម្ពស់​សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការអភិវឌ្ឍន៍ក្រុងរបៀងចំនួន៣  គឺក្រុងកំពង់ចាម  ក្រចេះ និងក្រុងស្ទឹងត្រែង ដែលជាក្រុងរបៀងនៃមហាអនុតំបន់​មេគង្គ។

ដោយឡែកគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រក​បដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២  គ្រោងចំណាយថវិការវិនិយោគ​ស​រុ​ប ៣០,៨៩លានដុល្លាអាមេរិក ដោយគោលបំណងបង្កើនភាពទាក់ទាញវិស័យ​ទេសចរ​ណ៍​ក្នុងខេត្តគោលដៅចំនួន២ គឺខេត្តកែប និងខេត្តព្រះសីហនុ ដោយបាន​ផ្តោត​ទៅ​លើការធ្វើឲ្យប្រសើឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការកសាងកំពង់ផែ​ខ្នាតតូចចំនួន២ ការធ្វើឲ្យប្រសើឡើងនូវអនាម័យទីក្រុង និងការកសាងសមត្ថភាព​ក្នុងការគ្រប់គ្រងកំណើនទេសចរណ៍ប្រកបដោយចីរភាព។

កិច្ចសហប្រតិបត្តិការ ADB បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៣,១៩ពាន់លាន​ដុល្លារ​​អាមេរិក ដោយគិតបញ្ចូលគម្រោងទាំង៤ ដែលបានចុះកិច្ចព្រមព្រៀងនៅក្នុង​ថ្ងៃនេះ ក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួន ២,៧០ពាន់លានដុល្លា​អាមេរិក និងហិរញប្បទានឥតសំណង មានទឹកប្រាក់សរុប ៤៩០លានដុល្លា​អាមេរិកផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here