ដោយៈសុខុម
ព្រុចសែលៈ ប្រទេសហ្វាំងឡង់ និងស៊ុយអែត នៅថ្ងៃពុធ ទី១៨ ខែឧសភា នេះបានដាក់លិខិតជាផ្លូវការសុំចូល ជាសមាជិកបក្សសម្ព័ន្ធយោធា NATO ហើយ ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Washington Post នៅថ្ងៃនេះ។
ការដាក់លិខិតសុំចូលជាសមាជិកអង្គការNATO នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសទាំង២ ដែលកន្លងមកតែងតែរក្សាជំហរអព្យាក្រឹត ដោយមិនចូលបក្សសម្ព័ន្ធយោធា រហូតមកទល់នឹងពេលក្រោយពេលរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ទើបបង្ខំឱ្យពួកគេគិតគូរឡើងវិញអំពីសន្តិសុខរបស់ខ្លួន។
-->

ការដាក់លិខិតសុំចូលជាសមាជិក នៅការិយាល័យកណ្ដាលរបស់អង្គការ NATO នៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នេះគឺជាដំណាក់កាលដំបូង ឈានទៅរកការចាប់ផ្ដើមដំណើរការចូល ជាសមាជិកដែលអាចចំណាយពេលរាប់ខែ ប៉ុន្តែមានការរំពឹងយ៉ាងទូលំទូលាយថា ការដាក់លិខិតដោយប្រទេសទាំង២នេះ នឹងធ្វើឱ្យសមាជិករបស់ NATO កើនឡើងពី៣០ប្រទេសនាពេលបច្ចុប្បន្នដល់៣២ប្រទេសនៅចុងបញ្ចប់។
អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល ជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងស៊ុយអែតថា “ខ្ញុំសូមបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសំណើរបស់ហ្វាំងឡង់ និងស៊ុយអែត ដែលសុំចូលជាសមាជិករបស់អង្គការ NATO”។

លោកបានបន្ថែមទៀតថា “អ្នកគឺជាដៃគូដ៏ជិតស្និទ្ធបំផុត របស់យើង ហើយសមាជិកភាព របស់អ្នកនៅក្នុងអង្គការ NATO នឹងជួយបង្កើនសន្តិសុខរួមរបស់យើង”។
លោក Jens Stoltenberg បានចាត់ទុកការដាក់លិខិតជាផ្លូវការសុំចូលជាសមាជិកអង្គការ NATO នេះថាជា “ការបោះជំហានជាប្រវត្តិសាស្ត្រ” ហើយបញ្ជាក់ថា បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត នឹងពិចារណាជំហានប ន្ទាប់៕ Washinton Post៕