ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីឱ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប ។
ការស្នើសុំរបស់លោកបានធ្វើឡើង ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋបបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា អង្គការ ចៃកា (JICA)របស់ប្រទេសជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ។ ដោយឡែកនៅខាងជើងភាគខាងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះ លោក ស្នើសុំអោយបារាំងជួយរាជធានីភ្នំពេញ ក្នុងការកសាងស្ថានីយ៍ទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់ ទោះការជួយជាកម្ចីឬក៏ជាជំនួយឥតសំណងក្តី។
បន្ថែមពីលើនេះ អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសារតែរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។
លោកឃួង ស្រេង បានបញ្ជាក់ថា ចំពោះស្ថានទូតបារាំងប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើស្ថានទូតត្រូវការឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយ រដ្ឋបាលរាជធានីភ្នំពេញនិងជួយសម្រួលគ្រប់ការងារ ដែលស្ថានទូតបារាំងត្រូវការផងដែរ ។លោកបានជម្រាបជូនផងដែរថា ប្រទេសកម្ពុជា បានឆ្លងកាត់របបប៉ុលពត ហើយក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិស្ថិតនៅចំណុចសូន្យ តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
លោក ហ្សាក់ ប៉ឺឡេ បានសម្តែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយមានសំណង់អាគារខ្ពស់ៗជាមួយផ្លូវខ្វាត់ខ្វែងខុសពីឆ្នាំ១៩៩៥ដាច់ស្រឡះតែម្តង។ ប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះ ។ ចំណែកប្រទេសបារាំងក៏ត្រូវបោះឆ្នោតនៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ លោកសូមស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋរបស់បារាំងនៅភ្នំពេញដែលត្រូវបោះឆ្នោតផង។
លោកក៏បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ អោយមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ ។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីគម្រោងសិក្សាកសាងនៅរទេះភ្លើងល្បឿនលឿននៅភ្នំពេញ ក្រោយពីសិក្សារួច រយៈពេល១០ឆ្នាំហើយ ៕