ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស នៅថ្ងៃទី២១ឧសភា២០២២ តាមការការអញ្ជើញរបស់លោក ក្លោស ឆ្វាប់ ស្ថាបនិកនិងប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៩ ឧសភា ២០២២នេះ។
សេចក្ដីប្រកាសឱ្យដឹងថា វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២នេះ ផ្ដោតទៅលើប្រធានបទ “ការត្រៀមខ្លួន សម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ឧសភា ២០២២នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស។
អមដំណើរសម្ដេចតេជោ នៅក្នុងកិច្ចប្រជុំនោះ រួមមាន លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផ្សេងទៀត ព្រមទាំងសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលថា សម្ដេចតេជោនឹងអញ្ជើញថ្លែងសុន្ទរកថាប្រកប ដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងការនៅក្នុងកម្មវិធីអាហារថ្ងៃត្រង់ក្រៅផ្លូវការ ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ “ការស្ដារសន្តិភាព និងសណ្ដាប់ធ្នាប់ឡើងវិញ”។
សម្ដេចតេជោ ក៏រំពឹងថានឹងមានជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួន និងទទួលការចូលរួមសម្ដែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ ។ សម្ដេចតេជោ ក៏នឹងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្ដាប្រទេសអឺរ៉ុបផងដែរ៕