ក្រុមហ៊ុនSokha Real Estateសម្ភោធវិមានដ៏ធំមួយលើកំពូលភ្នំបូកគោ

0

ដោយៈ គង់ សូរិយា

       កំពតៈ ក្រុមហ៊ុនSokha Real Estateកាលពីថ្ងៃទី១៨ ឧសភា បានបើកសម្ភោធ និងដាក់ឲ្យដំណើរការវិមានដ៏ធំមួយ នៅលើកំពូលភ្នំបូកគោ ជាមួយនឹងការរាប់បាត្រព្រះសង្ឃចំនួន២៦៨អង្គ។

វិមានដែលសាងសង់ឡើង ដោយយកលំនាំតាមរចនាបទបែបសហសម័យនេះ មានភាពលេចត្រដែត នៅលើកំពូលភ្នំមួយ ក្នុងចំណោមកំពូលភ្នំជាច្រើននៅលើទីក្រុងបូកគោ ពិសេសវិមានដ៏ស្កឹមស្កៃនេះ មានទីតាំងនៅជិតបឹងមួយដែលមានទឹកថ្លាខួបប្រាំង ខួបវស្សា ដែលផ្តល់នូវបរិយាកាសដ៏ត្រជាក់មនោរម្យសម្រាប់ការស្នាក់នៅ និងលំហែរកំសាន្ត។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៩ ឧសភាថា ក្រុមហ៊ុនសុខា រៀលអេស្ទេត ដែលបាននិងកំពុងសាងសង់បុរីលំហែរកាយចំនួនបី ​និងគំរោងជាច្រើនទៀតនៅលើទីក្រុងបូកគោ បាននិងកំពុងអភិ​វឌ្ឍន៍នៅទីនេះយ៉ាងសកម្ម ពិសេសវិមានដ៏ធំនេះបាននិងកំពុងបង្ហាញពីទំនុកចិត្ត សម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិដែលមានបំណង​មកធ្វើធុរកិច្ចនៅទីនេះ។

អ្នកឧកញ៉ាបានបន្តថា “វិមានដ៏ធំនេះ ត្រូវបានសាងសង់ឡើងលើទំហំ​ដី២ហិកតា ដែលផ្ទៃដីទាំងអស់ត្រូវបានរៀបចំទៅតាមប្លង់មេ សំខាន់ៗសំរាប់វិមាននេះ ដូចជាសួនច្បារខាងមុខ និងខាងក្រោយវិមានដ៏ឆើតឆាយនេះផងដែរ”។ អ្នកឧកញ៉ាបានបន្តថា “សំណង់វិមាននេះមានកំពស់២ជាន់ និងបានរៀបចំសាលប្រជុំ និងសាលទទួលទានភោជនាហាធំៗជាច្រើន ដើម្បីស្វាគមន៍ឥស្សរជនជាតិ និងអន្តរជាតិ ដែលមានបំណងមកលំហែរកំសាន្ត ក៏ដូចជា សិក្សានូវប្លង់ស្ថាបត្យកម្ម ដែលក្រុមហ៊ុនបានរៀបចំឡើងដោយខ្លួនឯង ជាមួយលក្ខណៈពិសេស តាមរយៈការរួមបញ្ចូលនូវរចនាបទខ្មែរ ចិន និងរចនាបទបែបសហសម័យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here