ស្រុកមួយនៃខេត្តពោធិ៍សាត់ទាក់ទាញគម្រោងវិនិយោគអចលនទ្រព្យ បែបអេកូទេសចរណ៍ដ៏ពេញនិយម

0

ដោយៈសុផារី

ពោធិ៍សាត់ៈ ស្រុកវាលវែង ដែលជាព្រំដែនកម្ពុជា-ថៃ និងជាតំបន់ដាច់ស្រយាល និងស្ងប់ស្ងាត់មួយ រយៈពេលប៉ុន្មានឆ្នាំកន្លងមក បានផ្លាស់ប្ដូរមុខមាត់ថ្មី ស្ទើរតែមិននឹកស្មានដល់ ជុំវិញការវិនិយោគអភិវឌ្ឍជាច្រើន ដូចជា ផ្សារទំនើប ក្លឹបកម្សាន្ត កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូ សួនកម្សាន្ត ។ល។

លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់ បានប្រាប់គេហទំព័រ Property Area Asia នៅថ្ងៃទី១៩ ខែឧសភាថា ស្រុកវាលវែង មានសក្តានុពលខ្លាំងជាងគេ ក្នុងចំណោមស្រុកផ្សេងទៀត នៃវិស័យទេសចរណ៍ ដោយសារតំបន់នេះមានទីតាំងនៅជាប់ព្រំដែនកម្ពុជា-ខេត្តត្រាត ប្រទេសថៃ ជាពិសេសមានភ្នំ១០០៥ ដែលជាទីពេញនិយមបំផុតរបស់ទេសចរ។

លោកបានបញ្ជាក់ឱ្យដឹងថា “សកម្មភាពទិញលក់ដីធ្លី ក្នុងស្រុកវាលវែង មានកំណើនយ៉ាងច្រើន ដោយអ្នកវិនិយោគបានសម្រុកមកទិញដី នៅទីនេះ ដើម្បីកែច្នៃទៅជាតំបន់ទេសចរណ៍ រីសត បឹងកាឡូ ជាដើម”។ លោកថា “ការទិញដីមកធ្វើជារីសត ឬផ្ទះលំហែកាយ បឹងកាឡូ មានកំណើនខ្ពស់ជាងគេនៅក្នុងស្រុកវាលវែង មួយរយៈនេះមានកំណើនខ្ពស់មែនទែន”។

យោងតាមអ្នកឯកទេសដីធ្លីរូបនេះ ទីផ្សារដីធ្លី ដែលពេញនិយមសម្រា​ប់ការកែច្នៃជាតំបន់ទេសចរណ៍ ក្នុងស្រុកវាលវែង បច្ចុប្បន្នមានតម្លៃដាក់លក់ចន្លោះពី២ម៉ឺន ទៅ៤ម៉ឹនដុល្លារក្នុងមួយហិចតា។ សម្រាប់ដីដែល ជាប់ផ្លូវធំ តម្លៃចន្លោះពី២ពាន់ដុល្លារ ទៅដល់៤ពាន់ដុល្លារអាមេរិកក្នុងមួយម៉ែត្រដើរ។ ប្រសិនបើដីនោះ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន តម្លៃអាចកើនឡើងខ្ពស់ដល់៦ពាន់៧ពាន់ដុល្លារក្នុងមួយម៉ែត្រដើរ។

លោក បូរី ប្រធានគ្រប់គ្រងផ្នែកទីផ្សារ នៃគម្រោងរីសតល្បីឈ្មោះមួយនៅក្នុងឃុំថ្មដារ ស្រុកវាលវែង បានមានប្រសាសន៍នៅថ្ងៃទី២០ ខែឧសភាថា រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាច្រើនកន្លែង ក៏ត្រូវបាននឹងកំពុងវិវត្តន៍ខ្លួន ជាមួយនឹងសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ នៅឃុំថ្មដា ស្រុកវាលវែង ខណៈដែលស្រុកមួយនេះ ត្រូវបានជាប់ឈ្មោះជាស្រុកទេស​ចរណ៍ដ៏ល្បីបំផុត នៅខេត្តពោធិ៍សាត់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅទស្សនាកម្សាន្ត។

លោកបូរី បានឱ្យដឹងថា ទីតាំងដែលជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរ គឺនៅមាត់ផ្លូវជាតិលេខ៥៥ តំបន់ភ្នំ១៥០០ ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ថ្មដាផារ៉ាដាយរីសត ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ ដែលចង់មកគយគន់ និងថតរូបទុកជាអនុស្សាវរីយ៍នូវទេសភាព ព្រៃ ភ្នំ ទឹកធ្លាក់ និងខ្សែផ្លូវបត់បែនឡើងចុះដូចអន្ទង់អាំង។

លោកបន្ថែមថា សព្វថ្ងៃនេះ កំណើនការអភិវឌ្ឍលើវិស័យទេសចរណ៍ បានជំរុញការវិនិយោគអភិវឌ្ឍ លើអចលនទ្រព្យនានា ជាច្រើនដូចជា ផ្សារទំនើប ក្លឹបកម្សាន្ត កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូ សួនកម្សាន្ត ។ល។

យោងតាមស្ថិតិនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍សំខាន់ៗជាង៣៥កន្លែង ក្នុងនោះតំបន់ទេសចរណ៍ ដែលជាទីចាប់អារម្មណ៍ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន(ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម ក្រៅពីនោះមានស្រុកក្រគរ នៅទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស និងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ។

រដ្ឋបាលខេត្តបានឱ្យដឹងទៀតថា ទឹកដីនៃស្រុកវាលវែងបានលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចធ្វើដំណើរបានស្រួល ទៅកាន់រមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ដែលជាប់នឹងព្រំដែនខេត្តត្រាត ប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here