រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្ពុជាកំពុងបោះជំហានទៅមុខដោយភាពជឿជាក់

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកអូន ព័ន្ឋមុនី​រ័ត្នបានថ្លែងថា កម្ពុជាបានកំពុងបោះជំហានទីមុខដោយភាពជឿជាក់បំផុត នៅលើជោគ​វាសនាដោយខ្លួនឯង តែកម្ពុជាក៏មិនបោះបង់ចោលដៃគូអភិវឌ្ឍន៍ ជាដៃគូមានភាពស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក។

លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជាមួយ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB)កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨កន្លងមកថា សមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជានាពេលកន្លងមក ក្រៅពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ កម្ពុជាក៏ទទួលបាននូវភាពជោគជ័យ ក្នុងចំណោមប្រទេសល្អដាច់គេទាំង១០ ទូទាំងសកលោក ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងត្រូវការចាត់ចូលជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

លោកបន្តថា “លទ្ធផលជាផ្លែផ្កានេះ បានកើតឡើងក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លៀត ប្រាកដនិយម ពោពេញទៅដោយភាពក្លាហាន និងគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយបានធ្វើឲ្យកម្ពុជាចាប់ប្រកាន់យក នូវការកែទម្រង់ជាបន្តបន្ទាប់ឥតងាកថយ”។

ការជឿជាក់នេះ ស្របពេលនឹងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងផលទុនជាតិសរុប ដោយបច្ចុប្ប​ន្នកម្ពុមានលទ្ឋភាពចំណាយចរន្តដោយខ្លួនឯង និងមានលទ្ឋភាពចំណាយវិនិយោគសាធារណៈ២ភាគបីដោយខ្លួនឯង។

លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល  គឺបានលើកកម្ពស់អភិបាលកិច្ចល្អ នៃស្ថាប័នសាធារណៈគ្រប់ថ្នាក់។ ការយកចិត្តទុកដាក់ពង្រឹងនិងកែលម្អជាប់ជាប្រចាំ តាមរយៈការបន្តជម្រុញអនុវត្តន៍យ៉ាងសកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម  និងធ្វើឲ្យឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំណែកការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបជិត២៥០លានដុល្លាអាមេរិក របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដល់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជានឹងយកទៅប្រើប្រាស់ប្រកប​ដោយប្រសិទ្ធភាព ស័ក្តសិទ្ធភាព តម្លាភាព និងគណនេយ្យភាពខ្ពស់បន្ថែមទៀត ដើម្បីរក្សាឲ្យបានពីការជឿទុកចិត្តរបស់ប្រជាជនកម្ពុជា  និងដៃគូអភិវឌ្ឍន៍ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រ​ជា​ជន និងបែងចែកផ្លែផ្កានៃកំណើន ប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here