ដោយ៖ សុខុម
អន្តរជាតិ: ប្រទេសចិន បានសម្រុកនាំចូលប្រេងឆៅយ៉ាងគំហុកពីប្រទេសរុស្ស៊ី និងជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីត ខណៈពិភពលោកកំពុងប្រឈមវិបត្តិថាមពល។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី២០ ខែឧសភានេះ។
ផ្អែកតាមទិន្នន័យគយចិន ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានបង្ហាញថា ការនាំចូលប្រេងឆៅរបស់ប្រទេសចិន ពីអារ៉ាប៊ីសាអូឌីត ដែលជាអ្នកផ្គត់ផ្គង់កំពូលរបស់ខ្លួន បានកើនឡើងរហូតដល់៣៨%ក្នុងខែមេសា បើធៀបនឹងឆ្នាំ២០២១។ កំណើននាំចូលប្រចាំខែនេះ គឺច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក។
ទិន្នន័យពីរដ្ឋបាលគយទូទៅនៃប្រទេសចិន បង្ហាញថា ការនាំចូលប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត មានចំនួន៨,៩៣លានតោន កាលពីខែមុន ដែលស្មើនឹង២,១៧លានបារ៉ែលក្នុងមួយថ្ងៃ។
ការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតទី២របស់ខ្លួន បានកើនឡើងជាង៤% កាលពីខែមុន បើធៀបនឹងឆ្នាំ២០២១ ដោយទំនិញប្រេងត្រូវបានកក់ មុនពេលបណ្ដារដ្ឋាភិបាលលោកខាងលិចរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមឈ្លានពានចូលប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។
ទិន្នន័យបង្ហាញថា ប្រេងរុស្ស៊ី ដែលនាំចូលមកដល់ប្រទេសចិន ក្នុងខែមេសា មានចំនួនសរុប៦,៥៥លានតោន ឬស្មើនឹង១,៥៩លានបារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹង១,៥លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែមីនា និង១,៥៣លានបារ៉ែល ក្នុងមួយថ្ងៃ កាលពីឆ្នាំមុន។
ទិន្នន័យបានបង្ហាញថា ការនាំចូលប្រេងឆៅសរុបរបស់ប្រទេសចិន កាលពីខែមុន បានកើនឡើងជិត៧% ដែលជាការកើនឡើងលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល៣ខែមកនេះ៕