ដោយៈសុខុម
អាមេរិកៈ ធនាគារដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Goldman Sachs បាននិយាយកាលពីថ្ងៃសុក្រ ទី២០ ខែឧសភា ថា ពេលនេះខ្លួនប្រមើលឃើញថា ប្រមាណ១ភាគ៣នៃក្រុមហ៊ុនអចលនទ្រព្យ ក្នុងប្រទេសចិន នឹងខកខានសងបំណុលនៅឆ្នាំ២០២២នេះ។
ធនាគារនេះបានរកឃើញថា ចាប់តាំងពីដើមឆ្នាំ២០២២មក ក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលទាំង២២ នៅទូទាំងប្រទេសចិន បានខកខានទូទាត់ថ្លៃមូលបត្របំណុល ដែលគិតជាប្រាក់ដុល្លាររបស់ខ្លួន ឬបានធ្វើការដោះដូរលក់មូលបត្របំណុល ដែលមានការជាប់ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យប្រទេសចិន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
លោក Kenneth Ho ប្រធានផ្នែកសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រឥណទានអាស៊ី ប្រចាំធនាគារ Goldman Sachs បានលើកឡើងថា “ខុសពីឆ្នាំមុនៗ ក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលកាន់តែច្រើន បានធ្វើការដោះដូរមូលបត្របំណុល ដែលបានខកខានសងរហូតមកទល់ពេលនេះ ក្នុងឆ្នាំនេះ”។
លោកបានព្យាករថា អត្រាខកខានសងបំណុល នឹងស្ថិតក្នុងរង្វង់៣១,៦% បើធៀបនឹង១៩%ដែលត្រូវបានព្យាករលើកមុន។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “យើងមើលឃើញថា ការដោះដូរបត្របំណុល និងការពន្យារពេលទូទាត់សងថ្លៃមូលបត្របំណុល គ្រាន់តែអាចសម្រាលភាពតានតឹង បានមួយរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែវាមិនគ្រប់គ្រាន់ សម្រាប់ដោះស្រាយបញ្ហាឥណទាននោះឡើយ”។
វិបត្តិសាច់ប្រាក់ក្នុងវិស័យអចលនទ្រព្យ ដ៏មានសារៈសំខាន់របស់ប្រទេសចិន បានផ្ទុះឡើងកាលពីប្រហែលមួយឆ្នាំមុន នៅពេលចំណាត់ការរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការរឹតបន្តឹងទីផ្សារបំណុល ជាពិសេសដើម្បីរឹតបន្តឹងការខ្ចីបុលច្រើនហួសហេតុ ក្នុងចំណោមបណ្ដាក្រុមហ៊ុនអភិវ ឌ្ឍន៍អចលនទ្រព្យ បានបង្កឱ្យមានរលកខកខានសងបំណុល ពាសពេញវិស័យអចលនទ្រព្យ៕ Reuters៕