អ្នកជំនាញរំពឹងថា រំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាបន្តកើនឡើងក្នុងឆ្នាំ២០២២នេះ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាឃើញថា បន្តកើនឡើង ទោះបីជាក្នុងអត្រាតិចតួចក្ដី។ ក្នុងឆ្នាំ២០២២នេះ អ្នកជំនាញរំពឹងរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា នឹងបន្តកើនឡើងបន្ថែមទៀត។

លោក វ៉ា វីរៈ គ្រូបង្វឹកនៃក្រុមហ៊ុន Century 21 Zillion Holing បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា តាមតួលេខបង្ហាញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាធនាគារជាតិនៃកម្ពុជា ឃើញថា ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩ មកដល់ដំណាច់ឆ្នាំ២០២១ បានបន្តកើនឡើង ជាពិសេសនៅក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរដោយសារតែកូវីដ១៩ ក៏ទុនវិនិយោគបានកើនឡើងបន្ថែមទៀតដែរ។

លោកបន្តថា ក្នុងឆ្នាំ២០១៩ រំហូរទុនវិនិយោគពីបរទេសនៅកម្ពុជា មានចំនួនប្រមាណ៣,៤ពាន់លានដុល្លារ ឆ្នាំ២០២០បានបន្តកើនឡើងក្នុងទំហំតិចតួចប្រមាណ៣,៦ពាន់លានដុល្លារអាមេរិក និងឆ្នាំ២០២១កើនដល់៤,៥ពាន់លានដុល្លារអាមេរិក។ ដោយឡែកក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២២ ទុនវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងដល់ទំហំជិតពាក់កណ្ដាលនៃឆ្នាំ២០២១ទៅហើយ គឺប្រមាណ២ពាន់លានដុល្លារអាមេរិក។

លោកបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសធំៗ ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា រួមមានចិន កូរ៉េ ជប៉ុន ជាដើម។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជាជាមួយប្រទេសចិន និងកូរ៉េ នឹងធ្វើឱ្យរំហូរវិនិយោគផ្ទាល់មកកាន់កម្ពុជា មានកំណើនឡើងបន្តទៀត ស្របពេលស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏បានធូរស្រាលឡើងវិញ។

លោកបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុ កម្មន្តសាល និងអចលនទ្រព្យ ទទួលបានទុនវិនិយោគច្រើនជាងគេ ដូច្នេះតំបន់ ដែលអាចនឹងទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើននៅកម្ពុជា គឺតំបន់នៅប៉ែកខាងលិចទន្លេមេគង្គ ដូចជាខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្តព្រះសីហនុ។ តំបន់នេះនឹងមានតម្រូវការដីធ្លី សម្រាប់ប្រើប្រាស់ច្រើនបន្ថែមទៀត នៅពេលឆាប់ៗនេះ ដែលនឹងជំរុញឱ្យតម្លៃដីធ្លីមានកំណើនមួយកម្រិតទៀត។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ នាពេលកន្លងមកនេះ ឱ្យដឹងថា ដោយសារស្ថានភាពកូវីដ១៩នៅកម្ពុជាមានភាពល្អប្រសើរ ដូច្នេះវិនិយោគិនបរទេស នឹងចូលមកកម្ពុជាវិញនៅពេលឆាប់ៗនេះ អាចនៅពាក់កណ្ដាលឆ្នាំ ឬចុងឆ្នាំ២០២២នេះ។ កំណើននៃវិនិយោគិនបរទេសចូលមកកម្ពុជាវិញនោះ នឹងធ្វើឱ្យទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បន្តមានកំណើនឡើងបន្តទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here