សម្ដេចតេជោ៖ រោងចក្រប្រមាណ៥០០នៅកម្ពុជាកំពុងបង្កើនការផលិតរបស់ខ្លួនដើម្បីជំរុញការនាំចេញ

0

ដោយ៖ ​វឌ្ឍនៈ

ភ្នំពេញ ៖ វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅក្នុងប្រទេសកម្ពុជា កំពុងមានដំណើរការល្អប្រសើរឡើងវិញជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រប្រមាណ៥០០កំពុងដំណើរការបន្ថែមម៉ោងផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិពិសេសអឺរ៉ុប។

នេះបើតាមប្រសាសន៍សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅក្នុងសហគមន៍អឺរ៉ុប កាលពីថ្ងៃទី២២ ឧសភា ២០២២ កន្លងទៅនេះ។

សម្ដេចតេជោ មានប្រសាសន៍ឱ្យដឹងថា វិស័យកាត់ដេរកម្ពុជា កំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ៥០០កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។

សម្ដេចតេជោបានថ្លែងថា ការដក EBA របស់អឺរ៉ុបពីកម្ពុជា នឹងមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ របាយការណ៍បានបង្ហាញថា ឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទឹកប្រាក់ជាង៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញ ទៅកាន់សហភាពអឹរ៉ុបសម្រេចបានជាង៣ពាន់លានដុល្លារអាមេរិក។

សម្ដេចតេជោ ក៏បានបញ្ជាក់ជូនផងដែរថា វិបត្តិកូវីដ១៩រយៈពេល២ឆ្នាំកន្លងទៅ ធ្វើឱ្យកម្ពុជាបង្កើនការចំណាយរបស់ខ្លួនកាន់តែច្រើន។ ក្នុងនោះ ក្នុងមួយខែរាជរដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណ៤០លានដុល្លារអាមេរិក ដើម្បីជួយពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកូវីដ១៩។

ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម បើតាមសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា កម្ពុជាបានបន្តទទួលបានការវិនិយោគលើវិស័យឧស្សាហកម្មកាន់តែច្រើន។ ក្នុងនោះដែរ កម្ពុជាទទួលបានក្រុមហ៊ុនវិនិយោគថ្មីៗជាបន្តបន្ទាប់ ពីក្នុងនិងក្រៅប្រទេស ហើយក្នុងនោះដែរ បណ្ដាប៉ែកខាងលិចភ្នំពេញទទួលបានគម្រោងវិនិយោគច្រើន ជាពិសេសនៅខេត្តកំពង់ស្ពឺ ផ្ទាល់តែម្ដង​។

លោក វ៉ា វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna បានឱ្យដឹងថា តំបន់ប៉ែកខាងលិចទន្លេមេគង្គ នឹងទទួលបានការចាប់អារម្មណ៍លើការវិនិយោគច្រើនជាងគេក្នុងចំណោមតំបន់នានាក្នុងប្រទេសកម្ពុជា ដូច្នេះ តំបន់ទាំងនេះនឹងមានតម្រូវការដីធ្លីសម្រាប់ប្រើប្រាស់កាន់តែច្រើន នៅពេលអនាគតឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here