ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះ លំហូរFranchise ទាំងក្រុមហ៊ុននិងទំនិញម៉ាកល្បីៗ លំដាប់ពិភពលោកជាច្រើន បានចូលមកកាន់កម្ពុជា ហើយការហូរចូលនៃប្រេនល្បីៗទាំងនេះផងដែរ ក៏អាចទាញវិនិយោគិនបរទេសចូលមកកម្ពុជាស្វែងរកការវិនិយោគបន្ថែមទៀត។
នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna វ៉ា វីរៈបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៣ ឧសភានេះថា បច្ចុប្បន្ននេះយើងបានសង្កេតឃើញថា មានក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើន បានចូលមកស្រុកខ្មែរ ក្នុងនោះដែរគ្រាន់តែសម្ព័ន្ធរបស់យើង បាននាំចូលមកនូវFranchise ល្បីៗលំដាប់អន្តរជាតិជាច្រើនរួមមាន Century 21 ក្រុមហ៊ុន Goldwell Bankerក្រុមហ៊ុន ERA ។ ក្រៅពីក្រុមហ៊ុនទាំងនេះ ក៏មានក្រុមហ៊ុនផ្សេងទៀត បានចូលមកធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដូចជាហ្វដ ដែលមានរោងចក្រផ្ទាល់នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា “តាមរយៈសកម្មភាព របស់ក្រុមហ៊ុនអន្តរជាតិទាំងនេះ យើងរំពឹងថា នឹងទាក់ទាញនូវវិនិយោគិនបរទេសជាច្រើន មកកម្ពុជាកាន់តែច្រើននិងជាការផ្ដល់ទំនុកចិត្តដល់វិនិយោគិនផងដែរ”។
លោកវ៉ា វីរៈបានបន្តថា អ្វីដែលយើងរំពឹងបន្ថែមទៀតនោះទេ គឺដំណើរអញ្ជើញចូលរួមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាមមេរិកក្នុងនាមប្រធានអាស៊ាន និងទៅកាន់សហភាពអឺរ៉ុប ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនឹង នាំមកនូវវិនិយោគិនបរទេសបន្ថែមទៀងផងដែរ។
លោកបន្ថែមថា មកដល់ពេលនេះ កម្ពុជាបានត្រៀមខ្លួនរៀបចំរួចជាស្រេចហើយ ដោយកម្ពុជាបានអនុម័តឱ្យប្រើប្រាស់ នូវច្បាប់វិនិយោគថ្មី ដែលធ្វើឱ្យរឹតតែមានការទាក់ទាញបន្ថែម នូវវិនិយោគិនទាំងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសផ្សេងៗទៀត។ ក្រៅពីនេះ កម្ពុជាក៏បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនតភ្ជាប់ ពីភ្នំពេញទៅកាន់បណ្ដាខេត្ត ក្នុងនោះផ្លូវល្បឿនលឿនដំបូងគេភ្នំពេញក្រុងព្រះសីហនុ ក៏នឹងស្ថាបនារួចរាល់នៅពេលឆាប់ៗនេះ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលអាចធ្វើឱ្យការធ្វើដំណើរពីភ្នំពេញទៅកាន់តំបន់ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុបានលឿនរហ័ស ។
ជាមួយគ្នានេះ លោកស្រីហ្គ្រេស រចនីអគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ក៏បានឱ្យដឹងផងដែរថា វិនិយោគិនបរទេសមុននឹងមកកម្ពុជាគេតែងតែសួរយើងថា តើកម្ពុជារួចរាល់ហើយឬនៅ សម្រាប់ការស្វាគមន៍ពួកគេចូលមករកការវិនិយោគ ។
លោកស្រីថា “ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ យើងមើលឃើញថា រដ្ឋាភិបាលលោកបានបញ្ចេញសកម្មភាព និងរៀបចំនូវគម្រោងប្លង់មេបានច្រើន ដើម្បីត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិនបរទេស ក៏ដូចជាវិនិយោគិនក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ”។
លោកស្រីបន្តថា Master Plan ដែលកម្ពុជាបានរៀបចំ និងមានភាពទាក់ទាញខ្លាំងជាងគេនោះ គឺធនធានមនុស្សដោយកម្ពុជាបានបណ្ដុះនូវជំនាញទាំងភាសា និងបច្ចេកវិទ្យាកាន់តែទំនើប ហើយសូម្បីតែក្រសួងនានាក៏បានចាប់ផ្ដើមប្រើប្រាស់ នូវបច្ចេកវិទ្យាឌីជីថលកាន់តែច្រើន និងកាន់តែទូលំទូលាយ៕