ដោយស៊ីវ ម៉េង
ភ្នំពេញ: អភិបាលខេត្តកណ្តាលលោកម៉ៅ ភិរុណបានថ្លែងថា អាជ្ញាធរខេត្តនឹងរៀបចំតំបន់ជ្រៃធំឲ្យមានលក្ខណៈពិសេស ដើម្បីទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៥ តុលាកន្លងមកថា ប្លង់គោលទីប្រជុំជនជ្រៃធំបាន និងកំពុងរៀបចំដំណើរការបញ្ចប់ហើយ ដែលយើងរំពឹងថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបញ្ចប់ហើយប្រកាសដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ខាងមុខនេះ។ លោកបន្តថា តំបន់ជ្រៃធំជាតំបន់ស្ថិតនៅជាប់ព្រំដែនកម្ពុជា វៀតណាម ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្តាល ដែលមានសក្តានុពលទាំងសេដ្ឋកិច្ច និងសង្គម។
-->
លោកបន្តថា “យើងគ្រោងរៀបចំតំបន់នេះឲ្យមានលក្ខណៈពិសេស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីបំរើនិងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិឲ្យវិនិយោគតំបន់នេះកាន់តែច្រើន”។លោកបន្តថា “យើងចង់រៀបចំអ្វីៗឲ្យបានល្អប្រសើរជាមុន មុននឹងយើងណែនាំ និងទាក់ទាញការវិនិយោគ ដើម្បីធ្វើឲ្យប្រាកដថាហេដ្ឋារចនាសម្ព័ន្ឋនៅទីនោះមានភាពសមស្រប សម្រាប់ទាក់ទាញការវិនិយោគ”។

តំបន់ជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ដែលមានភូមិចំនួន៣ជាចំណុះនិងមានផ្ទៃដីស្ថិតក្នុងប្លង់គោលជាង២០០០ហិកតា និងមានប្រជាជនរស់នៅជាង៧០០០នាក់។
លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រោមការដឹកនាំរបស់អភិបាលខេត្តកណ្តាល និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មន្ទីរជំនាញបាននិងកំពុងខិតខំបញ្ចប់ការរៀបចំប្លង់គោលតំបន់ទីប្រជុំជនជ្រៃធំ នៅដំណាច់ឆ្នាំនេះ ហើយនេះជាប្លងើគោលទី២របស់ខេត្តកណ្តាល បន្ទាប់ពីប្លង់គោលក្រុងតាខ្មៅ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយក្រសួងរៀបចំដែនដី។
លោកបន្តថា “តំបន់ជ្រៃធំនឹងរៀបចំឲ្យមានលក្ខណៈពិសេសមួយ ប៉ុន្តែមិនមែនរៀបចំជាទីក្រុងទេ តែរៀបចំជាទីប្រជុំជនពិសេសមួយ ដែលមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល”។លោកបន្តថា “ដោយសារតំបន់នេះស្ថិតនៅជាប់ព្រំដែនកម្ពុជា វៀតណាម រដ្ឋាភិបាលបាននិងកំពុងរៀបចំតំបន់នេះឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលអនាគត”។

ឃុំសំពៅពូន មានភូមិចំនួនបីជាចំណុះដូចជា ភូមិព្រៃធំ ភូមិព្រែកសឹង និងភូមិព្រែកស្បូវ៕