ដោយវុត្ថា
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអះអាងថា បច្ចុប្បន្នមានក្រុមហ៊ុនវៀតណាម ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជាមានចំនួន២០៦គម្រោង ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ។
នៅក្នុងជំនួបសវនការ និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ លោកស្រីជុង ធីម៉ាយ(Truong Thi Mai) សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានឲ្យដឹងថា ការដោះដូរពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា-វៀតណាម កំពុងតែមានការីកចម្រើនខ្លាំង ស្របពេលដែលទិសដៅរបស់ប្រទេសទាំងពីរ គ្រោងនឹងជម្រុញទំហំពាណិជ្ជកម្មរហូតដល់ ៥ ពាន់លានដុល្លារនាពេលខាងមុខដ៏ខ្លីខាងមុខនេះ។ ជាមួយគ្នានោះ លោកស្រីស្នើរសុំឲ្យប្រទេសកម្ពុជាជួយការពារ វិនិយោគិនវៀនណាមដែលកំពុងធ្វើអាជីវកម្មនានាដែលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។
លោកស្រីបន្តថា “កម្ពុជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គមគួរឲ្យកត់សម្គាល់ ដែលនេះបានបង្ហាញឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់ស្ថាប័នកំពូលៗកម្ពុជា មានស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ”។