ដោយ៖ សុខុម
ព្រុចសែល: ប្រទេសលីទុយអានី ស្លូវ៉ាគី ឡាតវី និងអេស្តូនី នៅថ្ងៃអង្គារ ទី២៤ ខែឧសភា នេះបានអំពាវនាវឱ្យរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលសហភាពអឺរ៉ុប បានបង្កកដើម្បីយកទៅជួយកសាងប្រទេសអ៊ុយក្រែន ឡើងវិញ បន្ទាប់ពីរុស្ស៊ីបញ្ឆេះសង្គ្រាមចូលឈ្លានពាន។
ផ្អែកតាមលិខិតរួមមួយច្បាប់ដែលប្រទេសទាំង៤នេះ បានចេញកាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា បង្ហាញថា កាលពីថ្ងៃទី៣ ខែឧសភា ប្រទេសអ៊ុយក្រែន បានប៉ាន់ប្រមាណថា ខ្លួននឹងត្រូវការទឹកប្រាក់រហូត ប្រមាណ៦០០ពាន់លានដុល្លារអាមេរិក សម្រាប់កសាងប្រទេសឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញពីសំណាក់រុស្ស៊ី។
ទោះជាយ៉ាងណា ខណៈសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តឆាបឆេះពេញទំហឹងនៅឡើយ ទំហំថវិកាដែលត្រូវការសម្រាប់កសាងប្រទេសឡើងវិញនេះទំនងជានឹងកើនឡើងខ្លាំង។
លិខិតដែលបានដាក់ជូនក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសហភាពអឺរ៉ុប នៅថ្ងៃអង្គារ នេះមានខ្លឹមសារថា “មួយចំណែកធំនៃការចំណាយ សម្រាប់ការកសាងប្រទេសអ៊ុយក្រែន ឡើងវិញ រួមទាំងសំណង សម្រាប់ជនរងគ្រោះនៃការឈ្លានពាន ដោយយោធារុស្ស៊ី ផងត្រូវតែរ៉ាប់រងដោយរុស្ស៊ី”។
លិខិតដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាននេះក៏អំពាវនាវឱ្យសហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេស (មិនរាប់បញ្ចូលរុស្ស៊ី) ចាប់ផ្តើមរៀបចំទណ្ឌកម្មថ្មីៗប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ផងដែរ។
ប្រទេសទាំង៤នេះ បានកត់សម្គាល់ថា សហភាពអឺរ៉ុប និងបណ្ដាប្រទេសដែលមានគំនិតដូចគ្នាបានបង្កកទ្រព្យសម្បត្តិបុគ្គល និងអង្គភាពរបស់រុស្ស៊ី ព្រមទាំងទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ី សរុបប្រមាណ៣០០ពាន់លានដុល្លារអាមេរិក។
រហូតមកដល់ពេលនេះ សហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្តិប្រមាណ៣២ពាន់លានដុល្លារអាមេរិក របស់មហាសេដ្ឋី និងអង្គភាពរបស់រុស្ស៊ី និងបេឡារូស។
គណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍មុនថា ខ្លួននឹងពិនិត្យមើលលទ្ធភាពថា តើខ្លួនអាចរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានបង្កកទុក ដើម្បីយកទៅកសាងប្រទេសអ៊ុយក្រែន ឡើងវិញបានដែរឬយ៉ាងណា ក្រោមច្បាប់ជាតិ និងច្បាប់របស់សហភាពអឺរ៉ុប ប៉ុន្តែមិនបាននិយាយអំពីទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ីនោះឡើយ៕