ដោយ៖ សុខុម
ឌូបៃ: សម្ព័ន្ធក្រុមហ៊ុនចិន បានបញ្ចប់ការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម Hassyan Power Plant តម្លៃ៣,៤ពាន់លានដុល្លារអាមេរិក ជាស្ថាពរប្រកបដោយជោគជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
នេះបើយោងតាមសារព័ត៌មាន The Global Herald ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា។
រោងចក្រនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលជារោងចក្រអគ្គិសនីដើរដោយធ្យូងថ្មដំបូងបង្អស់ របស់មហាយក្សចិន នៅតំបន់មជ្ឈិមបូព៌ា គឺជាគម្រោងដ៏ធំមួយ ក្រោមគំនិតផ្ដួចផ្ដើមពាណិជ្ជកម្ម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់មហាយក្សចិន ដើម្បីតភ្ជាប់សេដ្ឋកិច្ចនានា ឱ្យចូលទៅក្នុងបណ្ដាញពាណិជ្ជកម្មមួយ ដែលយកប្រទេសចិនជាចំណុចកណ្ដាល។
តាមការរំពឹងទុក រោងចក្រអគ្គិសនីកម្លាំង២.៤០០មេហ្គាវ៉ាត់ (MW) នេះនឹងផលិតអគ្គិសនីបានប្រមាណ២០%នៃតម្រូវការអគ្គិសនីសរុបក្នុងក្រុងឌូបៃ។
ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានប្រកាសថា រោងចក្រអគ្គិសនីនេះ នៅចុងបញ្ចប់ នឹងត្រូវផ្លាស់ប្ដូរទៅប្រើប្រាស់ឧស្ម័នធម្មជាតិ ដែលជាផ្នែកមួយនៃការសន្យារបស់អារ៉ាប់រួមអេមីរ៉ាត ថានឹងសម្រេចឱ្យបាននូវគោលដៅ “អព្យាក្រឹតភាពកាបូន”។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NS Energy ឱ្យដឹងថា ដំណើរការនៃការសាងសង់រោងចក្រនេះបានចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំ២០១៦។
រោងចក្រនេះត្រូវបានកាន់កាប់ និងដំណើរការដោយក្រុមហ៊ុន Hassyan Energy Company ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងរដ្ឋាករទឹក និងអគ្គិសនីក្រុងឌូបៃ (Dubai Electricity and Water Authority- ៥១%) និងសម្ព័ន្ធក្រុមហ៊ុនចិន រួមមាន ក្រុមហ៊ុន ACWA Power ក្រុមហ៊ុន Harbin Electric និងមូលនិធិវិនិយោគរបស់រដ្ឋាភិបាលចិន Silk Road Fund (រួមគ្នា៤៩%)៕