សម្តេចតេជោៈ កម្ពុជានឹងរៀបចំកិច្ចសន្ទនាអាស៊ាន-ពិភពលោកនៅខែវិច្ឆិកាខាងមុខនេះ

0

ដោយៈ សិរីជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងថា កម្ពុជានឹងរៀបចំវេទិកាអាស៊ាន ពិភពលោកលើកទី២នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ។

សម្តេចតេជោ ដែលជាប្រធា​នអាស៊ានបានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញលោកសាស្ត្រាចារ្យKlaus Schwabស្ថាបនិក និងជាប្រធា​នប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមកចូលរួមកិច្ចសន្ទនាអាស៊ាន-ពិភពលោកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ការអញ្ជើញនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច ជួបពិភាក្សាជាមួយ លោក សាស្ត្រាចារ្យ ខ្លុស ស្វាប់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ នៅក្រុងដាវ៉ូស ប្រទេសស្វីស។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាអរគុណលោក សាស្ត្រាចារ្យ ខ្លុស ស្វាប់ ដែលមានពេលវេលាសម្រាប់ជំនួបនៅព្រឹកនេះ ហើយជាពិសេសស្របពេលការអញ្ជើញរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ក្នុងឆ្នាំ២០២២ ដែលក្នុងឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន។

សម្តេចតេជោ ឆ្លៀតយកឱកាសនោះ បានអញ្ជើញលោកសាស្ត្រាចារ្យ ខ្លុស ស្វាប់ ដោយផ្ទាល់ មកចូលរួមនៅក្នុងកិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅក្នុងរាជធានីភ្នំពេញ នាខែវិច្ឆិកាឆ្នាំ២០២២។

សម្ដេចបានរំលឹកដែរថា កាលពីឆ្នាំ២០១២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជាបានរៀបចំនូវវេទិកាដែលហៅថា កិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី១ ដោយក្នុងនោះមានការចូលរួម ពីប្រធានស្ថាប័នមួយចំនួនដូចជា៖ IMF, ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។ លើសពីនេះ កិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោសូមអញ្ជើញលោកសាស្ត្រាចារ្យ ក៏ដូចជា វេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីចូលរួមក្នុងកិច្ចប្រជុំខាងមុខនេះ ដោយសារវេទិកាសេដ្ឋកិច្ចពិភពលោក គឺមានចំណុចជាច្រើន ដែលកន្លងមកនេះ ធ្វើការងារប្រទាក់ក្រឡា ដែលមានអត្ថប្រយោជន៍ដល់អាស៊ាន ដូច្នេះ​ការអញ្ជើញចូលរួមពីវេទិកាសេដ្ឋកិច្ចពិភពលោក ក៏ដូចជាលោកសាស្ត្រាចារ្យ ខ្លូស ស្វាប់ ពិតជាមានសារៈសំខាន់។

ជាការឆ្លើយតប លោក សាស្ត្រាចារ្យ ពិតជាអរគុណសម្ដេចតេជោ ដែលបានអញ្ជើញលោកដោយផ្ទាល់។

លោកសាស្ត្រាចារ្យ ក៏ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោក ចាត់ទុកអាស៊ាន មានសារៈសំខាន់ណាស់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសទៀត លោកសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា នៅពេលនេះសម្ដេ​ចតេជោបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសដោយសារសម្ដេចតេជោ មិនមែនត្រឹមតែជា នាយករដ្ឋមន្ត្រីកម្ពុជាទេ តែជាប្រធានអាស៊ានផងដែរ។

លោកសាស្ត្រាចារ្យ មានប្រសាសន៍បន្តថា លោកក៏បានទទួលការអញ្ជើញពីក្រុមបណ្ដាប្រទេសG20 ដើម្បីចូលរួមក្នុងកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ី។

លោកសាស្ត្រាចារ្យ បានឆ្លើយតបថា លោកនឹងអញ្ជើញចូលរួមនូវកិច្ចប្រជុំនេះ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយលោកបានគូសបញ្ជាក់ថា នេះក៏ជាឱកាសដ៏ល្អសម្រាប់លោក ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបានឃើញវឌ្ឍនភាព នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោមានប្រសាសន៍ថា សម្រាប់លោកសាស្ត្រាចារ្យ ក៏អាចទៅទស្សនកិច្ចនៅកម្ពុជា ដែលនឹងឃើញពីការរីកចម្រើន ក្រោយប្រទេសកម្ពុជា ទទួលរងការខ្ទេចខ្ទាំដោយសារសង្គ្រាម។ ដូច្នេះនេះ គឺជាឱកាស ដែលអាចឃើញផ្ទាល់នូវការអភិវឌ្ឍការរីកចម្រើន និងសមិទ្ធផលទាំងឡាយរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here