ដោយវុត្ថា
ភ្នំពេញ៖ ការសាងសង់សំណង់អគារនៅក្នុងប្រទេសដែលជាសមាជិកអាស៊ានបាននឹងកំពុងកើនឡើងក្នុងរង្វង់ ៦ភាគរយ សម្រាប់ឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២២ ខាងមុខនេះ ពោលគឺមានរយៈពេល ៥ ឆ្នាំទៅមុខ ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Global Data ។
លោក Danny Richard សេដ្ឋវិទូសម្រាប់វិស័យសំណង់របស់ក្រុមហ៊ុន Global Data បាននិយាយថា តំបន់អាស៊ាន បន្តការកើនឡើងនៃការអភិវឌ្ឍន៍យ៉ាងលឿនក្នុងចំណោមតំបន់ពិភពលោក ជាមួយនឹងការព្យាការណ៍សេដ្ឋកិច្ចនឹងកើនឡើងជាអត្រាមធ្យម ៥.១ភាគរយ ក្នុងអំឡុង ឆ្នាំ ២០១៩-២០២២។
លោក និយាយថា “ ការកើនឡើងយ៉ាងសន្ធឹកសន្ធាប់នេះ ដោយសារមានការពង្រីកវិនិយោគទៅវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលតម្រូវការក្នុងស្រុកមានការកើនឡើង ដែលនាំអោយមានការសាងសង់អគារទាំងវិស័យសំណង់លំនៅដ្ឋាន និងមិនមែនសំណង់លំនៅដ្ឋានជាដើម។
ទោះបីមានភាពខុសគ្នានៃគំលាតកំណើនវីស័យសំណង់នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ានក៏ដោយ ក៏ឧស្សាហកម្មវិស័យសំណង់នៅក្នុងតំបន់នៅតែកើនកើនឡើង ៦.១ ភាគរយ ដោយឈរលើមូលដ្ឋានមធ្យមភាគជារៀងរាល់ឆ្នាំក្នុងរយៈពេលពេល ៥ឆ្នាំទៅមុខដែរ។
នេះគឺស្ថិតនៅពីក្រោយកំណើនដែលបានព្យាករណ៍ទុកថាមាន ៦,៥ភាគរយនៅក្នុងទីផ្សារកំពុងរីកចម្រើនលូតលាស់នៅមជ្ឈឹមបូព៌ា និងអាហ្វ្រិក ប៉ុន្តែតំបន់អាស៊ានបានបង្ហាញពីវិនិយោគិន និងអ្នកអភិវឌ្ឍមានហានិភ័យទាបនៃគម្រោងដែលត្រូវបានផ្អាកឬលុបចោល។
យោងតាមតួលេខពីក្រុមហ៊ុន Global Dataបញ្ជាក់ថា តម្លៃសរុបនៃគម្រោងធំ ៗ នៅទូទាំងអាស៊ានមានចំនួន ២,៩សែនកោដិដុល្លារ៕