ដោយៈសុខុម
ក្រុងឡុងដ៍: បណ្ដាញផ្លូវដែកក្រោមដីថ្មី ដ៏វែងអស្ចារ្យមួយដែលរត់ខ្វាត់ខ្វែង ពីក្រោមផ្លូវថ្នល់នានាទូទាំងក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានស្វាគមន៍អ្នកដំណើរជាលើកដំបូងក្នុងទិដ្ឋភាពដ៏អ៊ូអរ នៅពេលបណ្ដាញផ្លូវដែកក្រោមដីដែលមានតម្លៃ២៥ពាន់លានដុល្លារ នេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN ឱ្យដឹងថា មនុស្សម្នាយ៉ាងច្រើនកកកុញ បានផ្អើលនាំគ្នាទៅជិះសាកល្បងរថភ្លើងថ្មី ដំបូងនៃខ្សែរថភ្លើង Elizabeth ដោយក្ដីរំភើបរីករាយ ដោយបានចេញដំណើរពីស្ថានីយ Paddington Station នៅម៉ោង ៦:៣០ ព្រឹកលើសបន្តិច។ ដោយសារមនុស្សច្រើនពេក អ្នកខ្លះត្រូវតម្រង់ជួរគ្នារង់ចាំរាប់ម៉ោងឯណោះ។
បណ្ដាញរថភ្លើងក្រោមដី ដែលពីមុនគេស្គាល់ថា Crossrail ត្រូវបានដាក់ឈ្មោះថ្មីថា Elizabeth ដើម្បីជាការគោរព ដល់ម្ចាស់ក្សត្រីយ៍អង់គ្លេស ដែលបានយាងទតផ្លូវដែកនេះ ដោយផ្ទាល់កាលពីសប្ដាហ៍មុន។ គេរំពឹងថា ផ្លូវដែកក្រោមដីនេះ នឹងជួយកាត់បន្ថយពេលធ្វើដំណើរទូទាំង ទីក្រុងឡុងដ៍ បានច្រើនគួរឱ្យកត់សម្គាល់។
ការកសាងផ្លូវដែកក្រោមដីនេះបានជួបការលំបាក និងភាពចម្រូងច ម្រាសយ៉ាងខ្លាំង ដូចជា ត្រូវខួងរូងក្រោមដីព័ទ្ធជុំវិញផ្លូវក្រោមដី ដែលមានស្រាប់ វៀងបំពង់បង្ហូរទឹកស្អុយ វៀងគ្រឹះអគារ និងវៀងកន្លែងផ្លូវបុរាណជាដើមទម្រាំបញ្ចប់ជាស្ថាពរ។
ដោយដំបូងឡើយគ្រោងដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០១៨ ផ្លូវដែកក្រោមដី ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ធំបំផុតប្រចាំតំបន់អឺរ៉ុប មួយនេះ ត្រូវបានពន្យារពេលកសាងបញ្ចប់ដោយសារបញ្ហាថវិកា និងក្រោយមកដោយសារវិបត្តិកូវីដ-១៩។
យោងតាមគេហទំព័ររបស់រដ្ឋាភិបាលអង់គ្លេស tfl.gov.uk ឱ្យដឹងថា បណ្ដាញផ្លូវដែកក្រោមដីថ្មីបំផុត ដែលមានប្រវែងសរុបប្រមាណ១០០គីឡូម៉ែត្រ នឹងបន្ថែមសមត្ថភាព១០%បន្ថែម ពីលើបណ្ដាញផ្លូវដែកដែលមានស្រាប់នៅក្នុងទីក្រុងឡុងដ៍៕ CNN៕