រដ្ឋាភិបាលកម្ពុជា ចិនពន្លឿនការរៀបចំគោលនយោបាយអភិវឌ្ឍខេត្តព្រះសីហនុទៅតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការជំរុញអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយគោលដៅនេះ ក៏កំពុងត្រូវបានរដ្ឋាភិបាល និងភាគីពាក់ព័ន្ធកំពុងយកចិត្តទុកយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី២៥ ឧសភា ២០២២នេះ មន្ត្រីជាន់ខ្ពស់កម្ពុជាបានជួបពិភាគ្សា ជាមួយវិទ្យាស្ថាននគរូបនីយកម្ម និងស្ថាបត្យកម្មស៊ិនជិន ដើម្បីជំរុញគោលដៅនេះបានសម្រេចកាន់តែឆាប់។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យ និងពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើវឌ្ឍនភាពនៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលសិក្សា និងរៀបចំដោយក្រុមការងាររបស់វិទ្យាស្ថាននគរូបនីយកម្ម និងស្ថាបត្យកម្មស៊ិនជិន (UPDIS)។

លោកបន្តថា ការរៀបចំនេះ សំដៅធ្វើឱ្យផែនការមេនេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពជាក់ស្តែងនិយម និងអាចអនុវត្តបាន ក្នុងគោលដៅ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាប៉ូ លនៃការអភិវឌ្ឍថ្មីមួយ និងជា ទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ និងជាទីក្រងបៃតង (Green city) ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និង ឡូសជីស្ទីកដ៏រស់រវើក នៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

លោកបន្តថា “ផែនការមេនេះ គឺជាផែនការប្រកបដោយមហិច្ឆតា ដែលអាចមានបញ្ហាប្រឈមជាច្រើន នៅក្នុងការអនុវត្ត”។ លោកបន្តថា “ដូចនេះ ទាមទារនូវឆន្ទៈនយោបាយកម្រិតខ្ពស់ ការដាក់ចេញនូវគោលនយោបាយ និងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធត្រឹមត្រូវ ហើយជាពិសេសមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តផែនការមេនេះ ឱ្យសម្រេចបានជោគជ័​យ ក្នុងការប្រែក្លាយតំបន់នេះទៅជាទីក្រុងទំនើប (Cosmopolitan) ទាំងផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម ឧស្សាហកម្ម ទេចរណ៍ បច្ចេកវិទ្យា ដែលមានបរិស្ថានរស់នៅល្អប្រសើរ ជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំមួយ នាពេលអនាគត ស្របតាមចក្ខុវិស័យកម្ពុជា ក្នុងឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ “។

លោកវង្ស៊ី វិស្សុតបានបន្ថែមថា ផែនការមេនេះ មានគោលបំណងប្រែក្លាយខេត្តខេត្តព្រះសីហនុ ទៅជាច្រកទ្វារជាតិ និងជាក្បាលម៉ាស៊ីនសម្រាប់ជំរុញការអភិវឌ្ឍ ដោយមានផ្តោតលើវិសាលភាពយុទ្ធសាស្ត្រ (១).មជ្ឈ​មណ្ឌលឧស្សាហកម្ម និងមជ្ឍមណ្ឌលភស្តុភារកម្ម សម្រាប់តំបន់អាស៊ាន (២) មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មថ្នាក់តំបន់ និង (៣).មជ្ឈមណ្ឌ​លវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានវានុវត្តន៍ថ្នាក់ជាតិ និងប្រែក្លាយទីក្រុងព្រះសីហនុ ដែលជាទីក្រុងតំបន់ឆ្នេរបស់កម្ពុជា ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើន បានមើលឃើញខេត្តព្រះសីហនុនឹងទទួលបានការវិនិយោគ បរទេសច្រើនឡើងវិញនៅពេលអនាគត ស្របពេលរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញផែនការមេក្នុងការកែប្រែខេត្តនេះ ទៅដូចនឹងទីក្រុងមួយរបស់ប្រទេសចិន។

ខេត្តព្រះសីហនុក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទាក់ទាញលំហូរទុនវិនិយោគពីក្រៅប្រទេស ពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ ដែលមានទំហំទឹកប្រាក់រហូតដល់៨០០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here