ដោយ៖ សុផារី
ភ្នំពេញ៖ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានទឹកប្រាក់៣០០លានដុល្លារ ត្រូវបានបញ្ចប់៧៣,៧០ភាគរយហើយ គ្រោងនឹងនាពេលឆាប់ៗនេះ។
បើតាមការចេញផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភានេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចលទ្ឋផលបាន៧៣,៧០ភាគរយនៃគម្រោងហើយ។
ប្រភពដដែលបានឱ្យដឹងទៀតថា ផ្លូវនេះ ជាផ្លូវក្រវ៉ាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើត នៃរាជធានីភ្នំពេញ មានប្រវែង៥៣គម ទទឹង២២ម ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ជាប្រភេទផ្លូវបេតុងអារមេកម្រាស់២២ស.ម។
ផ្លូវនេះមានប្រវែង៥២ គីឡូម៉ែត្រលាតសន្ធឹងពីផ្លូវជាតិលេខ៤ ពីខណ្ឌពោធិសែនជ័យនៅខាងលិចរាជធានីភ្នំពេញ និងឆ្លងកាត់ផ្លូវជាតិលេខ៣ និងលេខ២ ដល់ផ្លូវជាតិលេខ១ នៅខាងកើតរាជធានីភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យបានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ នឹងកាន់តែមានកំណើនខ្ពស់ ក្រោយបញ្ចប់ការសាងសង់ នាពេលខាងមុខ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals (KFA) បានព្យាករណ៍ថា ក្រោយពីផ្លូវនេះមានបញ្ចប់ការកសាងរួចរាល់ហើយ តម្លៃដីធ្លីនៅក្នុងតំបន់ផ្លូវក្រវាត់ក្រុងទី៣ នេះអាចមានការកើនឡើងរហូតដល់២០ ទៅ៣០ភាគរយ ធៀបនឹងពេលបច្ចុប្បន្ន។
លោកបន្តថា យ៉ាងណាក្តី វាអាស្រ័យនឹងគោលនយោបាយ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕