ដោយ៖ សុផារី
ភ្នំពេញ: ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។ តាមរយៈមហាព្រឹត្តិការណ៍នេះ អ្នកជំនាញអចលនទ្រព្យមើលឃើញពីឱកាសនាំមកនូវផលចំណេញ ដល់វិស័យអចលនទ្រព្យកម្ពុជាផងដែរ។
លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុន CPL Cambodia Properties Limited បានមានប្រសាសន៍ នៅថ្ងៃទី២៦ ខែឧសភានេះថា ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងនាំមុខមាត់ ដល់ប្រទេសកម្ពុជា និងអាចផ្តល់ឱកាសឱ្យកម្ពុជាអាចបង្ហាញការរីកចម្រើនរបស់ប្រទេសកម្ពុជា ដល់ពិភពលោកទាំងមូល។
ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈនៅជុំវិញពហុកីឡដ្ឋានជាតិនេះ គេសង្គេតឃើញមានការសាងសង់អាគារ ផ្ទះល្វែង ផ្សារទំនើប អាគារពាណិជ្ជកម្ម និងកំពុងសាងសង់អាគារខ្ពស់ៗបន្ថែម ដើម្បីត្រៀមខ្លួនស្វាគមន៍មហាព្រឹត្តិការណ៍នេះ។
អ្នកស្រី ហ្គ្រែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ នៅថ្ងៃទី២៦ ខែឧសភានេះថា បានមានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍នេះ វិស័យអចលនទ្រព្យនឹងមានលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ លំហូរវិនិយោគិនបរទេសក៏នឹងចូលមកកាន់ប្រទេសកម្ពុជាបន្ថែម។
លោកស្រីបញ្ជាក់ថា មានអ្នកវិនិយោគបរទេសមួយចំនួន បានកំពុងតែចូលមកកាន់កម្ពុជា ដើម្បីត្រៀមវិនិយោគក្នុងឱកាសព្រឹត្តិការណ៍នេះផងដែរ ហើយបាននិងជំរុញតម្លៃដីធ្លីនៅក្នុងតំបន់។
លោកស្រីថា “ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ស្ថានភាពវិស័យអចលនទ្រព្យ នឹងមានភាពល្អប្រសើរ នឹងងើបត្រឡប់មកវិញ ទោះបីជាមិនខ្លាំងដូចឆ្នាំ២០១៩ តែនឹងអាចងើបប្រមាណ៨០ភាគរយ ហើយតម្លៃដីធ្លីនឹងមានកំណើនតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ននេះ”។
ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ កម្ពុជា ដែលជាម្ចាស់ផ្ទះនៅពេលខាងមុខ តាមរយៈរដ្ឋាភិបាលកម្ពុជា បានមានផែនការមេច្បាស់លាស់ ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក និងថវិកាក្នុងការជំរុញដល់ដំណើរការនៃការរៀបចំនេះ៕