ដោយ៖ សុផារី
ភ្នំពេញ៖ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ស្ថិតក្នុងចំណោមប្រភេទពន្ធចំណូលពន្ធទាំងបួន ដែលមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តការប្រមូលចំណូលពន្ធខែមេសា ឆ្នាំ២០២២នេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអលចនទ្រព្យ បានកើនឡើង៧៧,៣៣ភាគរយ ក្នុងខែមេសា ធៀបនឹងខែមេសាឆ្នាំមុន។
ចំណូលប្រភេទពន្ធនេះ បានក្លាយជាប្រភពចំណូលពន្ធសំខាន់ៗទាំងបួន ដែលបានរក្សាកំណើនគួរឱ្យកត់សម្គាល់ ខណៈចំណូលពន្ធក្នុងខែមេសា សម្រេចបាន២៣៧លានដុល្លារ កើនឡើង២៩ភាគរយ។
ក្នុងរយៈពេលបួនខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ១ ៥០១ លានដុល្លារ កើនឡើង២៩,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ គឺជាពន្ធចំនួន៤ភាគរយ ដែលកំណត់នៅពេលមានការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធនេះក្នុងរយៈពេលបីខែបន្ទាប់ពីការផ្ទេរអចលនទ្រព្យ៕