ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជំនាញជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមន្រ្តីជំនាញនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានបើកកិច្ចពិភាក្សារួមគ្នា លើ៦ចំនុចធំៗ ដើម្បីធ្វើឲ្យប្រសើរឡើង នូវគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា ដែលបានចូលរួមដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី២៤ ឧសភាកន្លងមក បានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាព ដែលត្រូវអនុវត្តបន្ត នៅខែបន្ទាប់ បញ្ហាប្រឈមនានា លើកនូវសំណូមពរ និងដំណោះស្រាយ និងដើម្បីពិភាក្សាទៅលើលទ្ធផលដែលបានរំពឹងទុក។
ជាមួយគ្នានេះ ក្នុងថ្ងៃដដែល ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងក្នុង ការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាងកម្ពុជា-ឡាវ-វៀតណាម (វគ្គ២)ផងដែរ។
សិក្ខាសាលានេះរៀបចំឡើងដោយ គម្រោងសហប្រតិបត្តិការបច្ចេកទេស នៃមូលនិធិសហប្រតិបត្តិការមេគង្គ- សាធារណរដ្ឋកូរ៉េ(MKCF) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពី តំណាងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ប្រទេសឡាវ តំណាងវិទ្យាស្ថានមេគង្គ អ្នកជំនាញជាតិនិងអន្តរជាតិ ផ្នែកភស្តុភារកម្ម អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សមាគមភស្តុភារកម្មកម្ពុជា(CLA) និងសមាគមដឹក ជញ្ជូនទំនិញផ្លូវគោកកម្ពុជា(CAMTA)ផងដែរ។
អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូនលោកឈៀង ពេជ្រ បានមានប្រសាសន៍ថា សិក្ខាសានានេះផ្តោតសំខាន់លើការផ្តល់ជាចំណេះដឹងផ្នែក គ្រប់គ្រង និងការរៀបចំទិន្នន័យស្ថិតិវិស័យភស្តុភារកម្ម ទាំងនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី ក្នុងការរួមគ្នាកសាងទិន្នន័យមូល ដ្ឋាននៅក្នុងវិស័យ ដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការចែករំលែកចំណេះដឹងអនុវត្ត និងបទពិសោធន៍របស់អ្នកជំនាញ ការអន្តរជាតិផ្នែកភស្តុភារកម្មមកពីទ្វីបអឺរ៉ុប និងអាស៊ីដល់សិក្ខាកាម៕