អ្នកជំនាញព្រួយបារម្ភពីកំណើនតម្លៃសម្ភារសំណង់ធ្វើឱ្យប៉ះពាល់ដល់ វិស័យអចលនទ្រព្យកម្ពុជា

0

ដោយៈសុផារី

ភ្នំពេញៈ ឥទ្ធិពលសង្គ្រាមរុស្ស៊ី អ៊ុយក្រែន បានធ្វើឱ្យថាមពល និងវត្ថុធាតុដើមនៅទូទាំងពិភពលោក មានកំណើនយ៉ាងគំហុក។ ក្នុងនោះ តម្លៃសម្ភារសំណង់ ក៏បានកើនឡើងថ្លៃខ្ពស់ផងដែរ ដែលធ្វើឱ្យអ្នកជំនាញ និងអាជីវករលក់ សម្ភារៈសំណង់មានការព្រួយបារម្ភថា នឹងជះឥទ្ធិពលលើវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។

លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group និងជាម្ចាស់អាជីវកម្មលក់សម្ភារសំណង់ដ៏ធំមួយ បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia តាមប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះថា ដោយសារកំណើនតម្លៃសម្ភារសំណង់ បានធ្វើឱ្យប៉ះពាល់ដល់តម្រូវការសម្ភារនៃការសាងសង់។

លោកឧកញ៉ាបានបន្តថា “តម្រូវការបានធ្លាក់ចុះ ដោយសារតម្លៃមានការកើនឡើង ព្រោះអតិថិជនមានការសន្សំសំចៃ ត្បិតត្បៀតបន្ថែមទៀត ដោយគម្រោងដែលធ្លាប់តែគ្រោងធ្វើធំ ត្រូវបានបន្ថយមកនៅត្រឹមទំហំតូចជាងមុន តាមស្តង់ដារតម្លៃដែលបានគ្រោងទុក”។

អ្នកជំនាញរូបនេះ បានសម្តែងការព្រួយបារម្ភ អំពីផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ ដោយសារតែការកើនឡើង នៃតម្លៃសម្ភារសំណង់គ្រប់ប្រភេទនេះ ដោយសារអ្នកអភិវឌ្ឍន៍ អាចត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយមួយផ្នែកធំ និងបង្រួមទំហំនៃគម្រោងសាងសង់របស់ពួគគាត់។

លោកតេង រិទ្ឋីបានបន្តថា “វាប៉ះពាល់ទាំងអស់ ហើយប្រសិនបើតម្លៃនៃសម្ភារៈសំណង់នៅតែបន្តកើនឡើង មិនធ្លាប់ចុះសោះ នោះនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល ជាពិសេសវិស័យអចលនទ្រព្យផងដែរ”។

កត្តាសំខាន់មួយចំនួន រួមមាន កំណើនតម្លៃប្រេងសាំង និងកំណើនតម្លៃនៃការដឹកជញ្ជូន ដោយសារតែបញ្ហាកូវីដ១៩ និងវិបត្តិថាមពលផង បានបណ្ដាលឱ្យមានកំណើនតម្លៃសម្ភារសំណង់ ប្រហែលជា១០ទៅ១៥ភាគរយ ដូចជា ដែក ឧបករណ៍បំពាក់ ផ្សេងៗ។

លោកឧកញ៉ាបញ្ជាក់ថា “មូលហេតុទី១ បណ្តាលមកពី ការដឹកជញ្ជូនមានការលំបាក ដោយសារកូវីដ១៩ ធ្វើឱ្យមានការឡើងថ្លៃមួយហើយ ទី២ សង្គ្រាមបណ្តាលឱ្យប្រេងមានការឡើងថ្លៃ។ យើងភាគច្រើននាំចូលពីបរទេ​សមក ដោយឆ្លងកាត់ការដឹកជញ្ជូន។ តម្រូវការដឹកជញ្ជូនឡើងថ្លៃ ធ្វើឱ្យទំនិញឡើងថ្លៃផងដែរ”។

ម្ចាស់អាជីវកម្មឃ្លាំងសម្ភារសំណង់ Smart Home ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦អា បានឱ្យដឹងថា ដោយសារតែប្រេងសាំងឡើងថ្លៃខ្ពស់ បណ្តាលឱ្យគ្រប់វត្ថុធាតុដើម មានកំណើនតម្លៃខ្ពស់។ មួយរយៈចុងក្រោយនេះ មានការថមថយការបញ្ជាទិញ ពីសំណាក់អតិថិជន ជាពិសេសក្រុមអ្នកអភិវឌ្ឍន៍លំនៅឋាន។

ម្ចាស់អាជីវកម្មរូបនេះបញ្ជាក់ថា “ឥលូវលក់ដាច់ដែរ តែមិនសូវដាច់ខ្លាំងនោះទេ ដោយសារគ្រប់យ៉ាងឡើងថ្លៃ ហើយប្រសិនបើយកមកលក់តម្លៃដដែល មិនកើតទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here