ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កម្ពុជាមិនដាក់ខ្លួនឯងចូល ក្នុងអន្ទាក់បំណុលរបស់ប្រទេសណានោះទេ។
សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ក្នុងសន្និសទីអន្តរជាតិលើកទី២៧ស្តីពីអនាគតរបស់អាស៊ី ក្រោមមូលបទ “ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក” នាព្រឹកថ្ងៃទី២៧ ឧសភានេះថា “ខ្ញុំសូមជម្រាបថា អ្វីដែលយើងខ្ញុំខ្ចី យើងខ្ញុំមានការប្រុងប្រយ័ត្ន យើងខ្ញុំមានច្បាប់ទាក់ទងនឹងការខ្ចីបុល”។ សម្តេចបន្តថា “បើគិតមកទល់ពេលនេះ បើគិតពីពិដាននៃការខ្ចីរបស់យើង គឺគេអនុញ្ញាត្តឲ្យខ្ចី៤០ភាគរយនៃផលទុនជាតិសរុប យើងខ្ញុំទើបខ្ចី២៣ភាគរយប៉ុណ្ណោះ ដែលនៅសេសសល់សម្រាប់ការខ្ចីតទៅទៀត”។
សម្តេចបានបន្តថា មិនមែនយើងចេះតែខ្ចី ដោយមិនបានគិតគូពីស្ថានភាពបំណុល ដែលយើងអាចដោះស្រាយបាននោះទេ ដូច្នេះខ្ញុំមិនយល់ថា ចិនដាក់អន្ទាក់ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់កម្ពុជានោះទេ ហើយខ្ញុំក៏មិនយល់ថាជប៉ុនដាក់អន្ទាក់កម្ពុជា ទៅលើបញ្ហាការខ្ចីបុលពីជប៉ុន លើការសាងសង់កំពង់ផែទឹកជ្រៅនោះទេ។
សម្តេចបន្តថា “ខ្ញុំសូមបញ្ជាក់ថា កម្ពុជានឹងមិនដាក់ខ្លួនទៅជាកូនបំណុលរបស់អ្នកណាមួយនោះទេ”។ សម្តេចបន្ថែមថា “យើងមិនអាចខ្ចីតែពីចិន តែយើងអាចខ្ចីពីជប៉ុន ពីកូរ៉េ អាចខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងអាចខ្ចីពីធនាគារអឺរ៉ុប”។
សម្តេចបានបញ្ជាក់ទៀតថា អញ្ចឹងយើងមិនអាចខ្ចីតែពីចិននោះទេ ប៉ុន្តែវាច្បាស់ហើយ ដែលចិនបានផ្តល់ជាមូលដ្ឋានសំរាប់យើង នេះជាបញ្ហា ពិតប្រាកដ ដែលយើងត្រូវទទួលស្គាល់ការពិត។ ឆ្នាំទៅខ្ញុំបាននិយាយថា “បើមិនឲ្យខ្ញុំពឹងចិន ឲ្យខ្ញុំទៅពឹងអ្នកណា?“នេះជាសម្តីពិតរបស់ខ្ញុំ”។
សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ទៀតថា ឥលូវស្ពានកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប មានស្ពានជប៉ុនតែពបីប៉ុណ្ណោះ គឺស្ពានអ្នកលឿង ស្ពានទន្លេមេគង្គឆ្លងកាត់ក្រុងកំពង់ចាម ស្ពានជ្រោយចង្វារ ក្រៅពីនោះគឺស្ពានចិនទាំងអស់។ អញ្ចឹងបើមិន ឲ្យខ្ចីចិន តើមានស្ពានឯណាឆ្លង ផ្លូវរាប់ពាន់គីឡូម៉ែត្រ ជាផ្លូវរបស់ចិនជួយ។
សម្តេចបន្តទៀតថា “បើយើងខ្ញុំមិនបានលុយខ្ចីពីចិនទេ តើយើងខ្ញុំបានអ្វី? នៅមានផ្លូវល្បឿនលឿន ការវិនិយោគដទៃទៀត វារីអគ្គិសនី បើយើងខ្ញុំមិនទទួលបានការវិនិយោគពីចិនទេ តើយើងខ្ញុំមានអគ្គិសនីមកពីណាប្រើប្រាស់?”៕