ដោយ ដែន ចែងចាំង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋ ពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ដល់កំនើនសេដ្ឋកិច្ច និងជាឧបករណ៍វិនិយោគដែលមានហានិភ័យទាប សម្រាប់វិនិយោគិន។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក រស់ សីលវ៉ា បានលើកឡើងក្នុង “សិក្ខាសាលាស្តីពីការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋនៅកម្ពុជា”កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨កន្លងមកថា ការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋនៅកម្ពុជា ត្រូវបានគិតគូរដោយរដ្ឋាភិបាលតាំងពីដើមឆ្នាំ២០០០ ដោយសម្រេចបាន “ច្បាប់ស្តីពីមូលបត្ររដ្ឋ” ក្នុងឆ្នាំ២០០៧ ប៉ុន្តែដោយសារតែស្ថានភាពសេដ្ឋកិច្ច លក្ខខណ្ឌហិរញ្ញប្បទាន និងកម្រិតនៃការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុមិនទាន់អំណោយផល ទើបរាជរដ្ឋាភិបាលកម្ពុជាមិនទាន់សម្រេចបោះផ្សាយលក់មូលបត្ររដ្ឋនៅឡើយ តែក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នៅពេលស្ថានភាពសេដ្ឋកិច្ចមានលក្ខណៈអំណោយផល រាជរដ្ឋាភិបាលនឹងសម្រេចបោះផ្សាយមូលបត្ររដ្ឋ ដើម្បីកៀរគរហិរញ្ញប្បទាន បំពេញឱនភាពថវិការដ្ឋ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ។