ដោយជេស៊ីកា
អង់គ្លេសៈ ប្រទេសអង់គ្លេស បានប្រកាសដំឡើងពន្ធ២៥% លើប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នហ្គាសរួមជាមួយនឹងកញ្ចប់ជំនួយ១៨,៩ពាន់លានដុល្លារ ដើម្បីជួយដល់គ្រួសារពលរដ្ឋ ដែលជួបការលំបាក ក្នុងការទូទាត់វិក្កយបត្រថាមពលដែលហក់ឡើងខ្ពស់។
ចំណាត់ការនេះ នឹងផ្ដល់ផលប្រយោជន៍ដល់គ្រួសារ ដែលមានប្រាក់ចំណូលទាបបំផុតនៅប្រទេសអង់គ្លេស ដោយគ្រួសារនីមួយៗនឹងទទួលបានការបញ្ចុះតម្លៃ៥០០ដុល្លារ លើវិក្កយបត្រថាមពលរបស់ពួកគេអមជាមួយនឹងជំនួយបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា។
នេះគឺជាអន្តរាគមន៍លើកទី២ ហើយផ្នែកគោលនយោបាយគ្រាអាសន្នដើម្បីជួយដល់គ្រួសារពលរដ្ឋ មានប្រាក់ចំណូលទាប ដែលជួបការលំបាកក្នុងការទូទាត់វិក្កយបត្រថាមពល ដែលហក់ឡើងកាន់តែខ្ពស់នៅក្នុងឆ្នាំ២០២២ នេះ។
៉
លោក Rishi Sunak រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស បានលើកឡើងអំពីការដំឡើងពន្ធនេះថា ក្រុមហ៊ុនថាមពលនានា ទទួលបានប្រាក់ចំណេញច្រើនកប់ក្ដោង ខណៈពលរដ្ឋអង់គ្លេស កំពុងតែត្រដាបត្រដួសខ្លាំង ដូចនេះវាដល់ពេលដែលក្រុមហ៊ុនទាំងនោះ ត្រូវរួមចំណែកជួយដល់សង្គមវិញហើយ។
រដ្ឋាភិបាលអឺរ៉ុប ផ្សេងៗទៀតក៏បានបញ្ចេញកញ្ចប់ថវិកា រាប់សិបពាន់លានដុល្លារផងដែរ ក្នុងវិធានការណ៍នានា ដើម្បីជួយសម្រាលវិបត្តិថាមពលហក់ឡើងថ្លៃខ្ពស់៕ Aljazeera៕