ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ផលទុនជាតិសរុបរបស់កម្ពុជា នឹងកើនដល់ក្នុងរង្វង់២៧,២២២លានដុល្លាអាមេរិក និងប្រាក់ចំណូលសំរាប់មនុស្សម្នាក់ នឹងកើនឡើង១,៧០៦ដុល្លាអាមេរិកក្នុង១ឆ្នាំ ខណៈការព្យាករណ៍ពីកំនើនសេដ្ឋកិច្ចនឹងកើនឡើង៧,១ភាគរយនៅឆ្នាំ២០១៩ខាងមុខ។
យោងតាមឯកសារសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល Propertyarea.asia ទើបទទួលបាននាព្រឹកថ្ងៃទី២៩ តុលានេះបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ វិស័យធំៗចំនួន៣នៅបន្តរក្សាកំណើនល្អ ក្នុងនោះកំណើននៃវិស័យឧស្សាហកម្ម នឹងបន្តរក្សាភាពរឹងមាំ ដែលសម្រេចបានក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០ភាគរយ ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ ការបន្តកំនើននៃវិស័យកាត់ដេរ ស្របគ្នានឹងសន្ទុះកំណើនខ្ពស់ នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ គឺទាំងសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក។
ជាមួយនេះអនុវិស័យសំណង់ គាំទ្រដោយសន្ទុះកំណើននៃសំណង់ថ្លៃមធ្យម និងសមរម្យ ចំណែកវិស័យកាត់ដេរនឹងបន្តរក្សាកំណើនដូចឆ្នាំមុន ហើយអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏រំពឹងថានឹងមានសន្ទុះកំណើនខ្ពស់ផងដែរ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា វិស័យសេវាកម្មកម្ពុជារំពឹងថា នឹងបន្តកំណើនប្រមាណ៧,០ភាគរយ ដែលគាំទ្រដោយកំណើនអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនខ្ពស់នៃចំនួនភ្ញៀវទេសចរអន្តរជាតិ ។ ចំណែកការលក់ដុំ-រាយ នឹងរក្សាកំណើនបានល្អ ដែលគាំទ្រដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក ដោយសារកំណើនប្រាក់ចំណូលរបស់ប្រជាជន។ ចំណែកវិស័យអចលនទ្រព្យក៏ត្រូវបានរំពឹងឡើងបន្តកំណើនខ្ពស់ ស្របតាមនិន្នាការនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យដឹកជញ្ជូនក៏ត្រូវបានរំពឹងថា នឹងបន្តរក្សាកំណើនបានដូចឆ្នាំ២០១៩ ដូចគ្នា។
រីឯវិស័យកសិកម្មវិញ អាចសម្រេចបានក្នុងកំណើនរង្វង់១,៨ភាគរយ ដែលទ្រទ្រង់ដោយអនុដំណាំនិងជលផល ក្នុងនោះអនុវិស័យដំណាំត្រូវបានរំពឹងថា នឹងមានកំណើនប្រហាក់ប្រហែលឆ្នាំមុន គឺដោយសាអំណោយផលនៃកត្តាអាកាសធាតុ ភាពប្រសើឡើងនៃប្រព័ន្ធធារាសាស្រ្ត និងកំណើនកើនឡើងនៃថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ព្រមទាំងការ កើនឡើងនៃដំណាំបម្រើឲ្យការនាំចេញដូចជាកៅស៊ូ ចេកជាដើម។ ចំណែកពាក់ព័ន្ធអនុវិស័យនេសាទ នឹងអនុវិស័យចិញ្ចឹមសត្វ ត្រូវបានរំពឹងថា កើនឡើងល្អផងដែរ។